(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកាត់កនៅខណ្ឌទួលគោក។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោមបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ តាមឃាត់ខ្លួនជនសង្ស័យបានហើយនៅខណ្ឌព្រែកព្នៅ។

លោកបានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានសម្លាប់ប្រពន្ធរបស់ខ្លួន ដោយកាត់ក្បាលកាលពីនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង០២:៤៥នាទី នៅខណ្ឌទួលគោក។

លោកថា បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕