(ព្រះវិហារ)៖ នៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២២ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោកស្រី ព្រមទាំងសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ បានចុះទៅលើកទឹកចិត្តបេក្ខជន បេក្ខនារី ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់នានា នៃខេត្តព្រះវិហារ។

អញ្ជើញចូលរួមជាអធិបតីក្នុងស្រុក ក្រុង នីមួយៗ មានតំណាងមកពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារទទួលបន្ទុកក្រុង ស្រុក នីមួយៗ ក្រុមការងារគណបក្សខេត្តចុះជួយក្រុង ស្រុកនីមួយៗ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្ស ឃុំ សង្កាត់។

អ្នកតំណាងរាស្រ្ត បានសាកសួរបេក្ខជន និងបេក្ខនារី ពីស្ថានភាព និងបញ្ហា ដែលកើតមានក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក និងដំណោះស្រាយនានា ដើម្បីឱ្យដំណើរការ នៃយុទ្ធនាការឃោសនាបោះឆ្នោតមានភាពស្ងប់ស្ងាត់ និងគ្មានអំពើហិង្សា ក្នុងឃុំ សង្កាត់នីមួយៗ។

លោកបានលើកឡើងពីសមិទ្ធផលដែលខេត្តព្រះហារសម្រេចបានចាប់ពីឆ្នាំ២០១៧ ដូចជាការតភ្ជាប់ផ្លូវ ថ្នល់ ស្ពានពីតំបន់ដាច់ស្រយាល ទៅកាន់ទីប្រជុំជន ការតភ្ជាប់បណ្តាញអគ្គីសនីឱ្យស្ទើរតែគ្រប់ភូមិ និងការបញ្ចុះតម្លៃអគ្គីសនី ការពង្រាយសាលារៀនគ្រប់ភូមិសិក្សាឱ្យកាន់តែជិតកូនចៅប្រជាពលរដ្ឋ ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ និងជាពិសេសការពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ និងការគ្រប់គ្រងបែប ប្រជាធិបតេយ្យ។

លោកបានលើកបន្ថែមពីការពារអធិបតេយ្យភាព និងការលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងនយោបាយការទូតដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាពិសេសការធ្វើជាសហប្រធាននៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នាពេលថ្មីៗកន្លងទៅនេះ មានន័យថាសម្តេចតេជោ មិនត្រឹមតែតំណាងឱ្យប្រជាជនកម្ពុជា ប្រមាណ១៧លាននាក់តែប៉ុណ្ណោះទេ តែក៏តំណាងឱ្យប្រជាជនអាស៊ានជិត ៧០០លាននាក់ផងដែរ។

លោកបានសង្កត់បញ្ជាក់ពីសាមគ្គីភាព និងប្រជាធិបតេយ្យផ្ទៃក្នុង ក្នុងការជ្រើសរើសអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានសមត្ថភាពខ្ពស់ ចំណះដឹងជ្រៅជ្រះ និងគុណធម៌ក្នុងការដឹកនាំ ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។

ជាទីបញ្ចប់ លោក និងក្រុមការងារបានជូនពរឱ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទទួលជោគជ័យក្នុងការបោះឆ្នោត ដើម្បីចូលរួមអភិវឌ្ឍន៍ឃុំ សង្កាត់ ជាមួយរាជរដ្ឋាភិបាល និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន៕