(កណ្តល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលឃោសនាបោះឆ្នោត និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់អនុវត្តបន្តរហូតដល់ថ្ងៃបោះឆ្នោត ដើម្បីដណ្តើមជ័យជម្នះ ឱ្យខាងតែបាន ជូនគណបក្ស និងប្រជាជន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន។

អង្គប្រជុំបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងវែង និងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ដោយធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ ស្តីពីសភាពការណ៍ និងលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំអាណត្តិទី៥ ឆ្នាំ២០២២ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ។

ក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃការងារជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំគោកត្រប់ និងឃុំត្រពាំងវែង លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា គិតចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតមកទល់នឹងពេលនេះ ទាំងការឃោសនា ការប្រមូលផ្តុំនៅនឹងកន្លែង ការឃោសនាចល័ត និងការចុះឃោសនាតាមខ្នងផ្ទះ គឺមានការចូលរួមយ៉ាងច្រើនកុះករ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ។ ការណ៍នេះសរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែនាំមុខ និងមានប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត។

លោកបានមានប្រសាសន៍បន្តថា ការស្រលាញ់ពេញចិត្ត និងបន្តគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជានេះ គឺដោយសារមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានស្តារសេដ្ឋកិច្ច សង្គមពីស្ថានភាពត្រូវបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ឱ្យរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានរឹងមាំ ព្រមទាំងស្តារ និងលើកស្ទួយកិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិជាពិសេសការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដោយមានការទទួលស្គាល់ និងកោតសរសើរពីបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក។

លោកបានណែនាំដល់បេក្ខជន និងសកម្មជនគណបក្សទាំងអស់ ត្រូវបន្តខិតខំផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្ស និងកម្មវិធីអភិវឌ្ឍន៍ឃុំ២០២២-២០២៧ តាមមូលដ្ឋានឃុំនីមួយៗ ឱ្យបានយល់ជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ពិសេសសមាជិកក្នុងមូលដ្ឋានរបស់ខ្លួន ។

ទន្ទឹមនេះលោកបានអំពាវនាវដល់សមាជិកបក្សទាំងអស់ ឱ្យធ្វើសកម្មភាពឃោសនាដោយតាមគោរពច្បាប់ បទបញ្ជា និង នីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គ.ជ.ប ដើម្បីធ្វើឱ្យបរិយាកាស នៃការឃោសនាបោះឆ្នោត ជាទូទៅនៅក្នុងមូលដ្ឋាន ប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ជាមួយនេះ ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់នៅថ្ងៃបោះឆ្នោត សំដៅធ្វើយ៉ាងឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ អាចចូលរួមការបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

បន្ទាប់មក លោក ម៉ម ប៊ុននាង បានចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងឃុំត្រពាំងវែង និងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង៕