(ភ្នំពេញ)៖ លោក ហ៊ួ រដ្ឋា អនុប្រធានក្រុមការងារគណបក្សថ្នាក់រាជធានីភ្នំពេញ ចុះជួយមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ និងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជន។

នាឱកាសនោះដែរ លោក ហ៊ួ រដ្ឋា បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុក្ខ និងសុខមាលភាពជូនប្រជាពលរដ្ឋដោយរាជរដ្ឋាភិបាលបានផ្ដល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាព (ក្រ១ ក្រ២)។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ដែលអ្នកពេញចិត្ត អាចរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យភូមិ សង្កាត់មានការរីកចម្រើន។

ជាមួយគ្នានេះ លោក ហ៊ួ រដ្ឋា បានបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ដូច្នេះ យើងត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា ដើម្បីបន្តថែរក្សា សន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិ និងប្រជាជន និងរួមគ្នាកសាងអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ៕