(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានក្រើនរំលឹកដល់ក្រុមការងារ និងសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីយកជ័យជំនះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ការក្រើនរំឮកបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសនេះលោកអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥០០នាក់ មកពីឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល័ង្ក។

លោកបានជំរុញដល់ក្រុមការងារ និងសមាជិក សមាជិកាគណបក្ស យកចិត្តទុកដាក់បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋតាមខ្នងផ្ទះឱ្យបានញឹកញាប់ ដើម្បីផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់បងប្អូន និងនាំសាច់ញាតិ សមាជិកក្រុមគ្រួសារ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា សមាជិកម្នាក់ត្រូវក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ។

លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារនិងសមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សទាំងអស់ ដែលបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីស្វែងរកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សបន្តដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងរក្សាបាននូវកត្តាសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។

លោក ងួន រតនៈ បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុក្ខ និងសុខមាលភាពជូនប្រជាពលរដ្ឋ ដោយបានផ្ដល់ជាកញ្ចប់ថវិកាប្រចាំខែជូនប្រជាពលរដ្ឋដែលមានជីវភាព ក្រ១ ក្រ២។ ការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ចាប់ពីកុមារអាយុ៣ឆ្នាំ រហូតដល់មនុស្សចាស់ និងគម្រោងចែកដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋខ្វះខាតដី៕