(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានបន្តដឹកនាំក្រុមការងារចុះជួយភូមិ ឃុំ និងបេក្ខជនក្រុមប្រឹក្សាឃុំ ចុះឃោសនារកសំលេងឆ្នោត និងផ្សព្វផ្សាយគោលនយោបាយបក្ស ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅភូមិព្រៃប្រស់ ឃុំត្បែង និងភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

នាឱកាសនេះ លោកស្រីប្រធានក្រុមការងារអរគុណចំពោះក្រុមការងារ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានបំពេញការងារបម្រើ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ ជាពិសេសក្នុងរយៈពេល ៨ថ្ងៃកន្លងមក ក្រោយពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២១ ខែឧសភា ដែលបានធ្វើការផ្សព្វផ្សាយ និងចុះពន្យល់ប្រជាពលរដ្ឋ ពីគោលនយោបាយរបស់គណបក្ស និងការគូសសន្លឹកឆ្នោត។

លោកស្រីបានបញ្ជាក់ ជូនប្រជាពលរដ្ឋឡើងវិញពីឆន្ទៈដ៏មុះមុត និងទឹកចិត្តជាប្រពៃណីរបស់គណបក្សប្រជាជន ដែលមិនចេះសន្យា ប៉ុន្តែហ៊ានធ្វើពលីកម្មអ្វីៗទាំងអស់ ដើម្បីការរស់រានមានជីវិតឡើងវិញ ក្រោយការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានសង្គ្រោះប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានបន្តធ្វើការជាប់ជាប្រចាំ ដើម្បីត្រៀមការពារសុខុមាល ភាពរបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺនេះ ព្រមការស្តារសេដ្ឋកិច្ចឡើងវិញ ជាមួយនឹងការលើស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យទទួលបានការរីកចម្រើនដូចបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកស្រី ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់គ្នា នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុននេះ ព្រមទាំងបានណែនាំទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលបានទៅចូលរួមបោះឆ្នោត ត្រូវពិនិត្យឱ្យបានច្បាស់លាស់ទៅការគូសសន្លឹកឆ្នោត ជាពិសេសលើឡូហ្គោ របស់គណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាយផ្កា ជាសម្គាល់ ហើយសម្រាប់លេខរាងរបស់គណបក្សប្រជាជននៅតាមឃុំ នីមួយៗ គឺមានលេខរាងខុសៗគ្នា ដោយក្នុងនោះឃុំត្បែងនៅលេខរាងទី៥ និងឃុំជ័យនៅលេខរាងទី១៕