(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រីប្រមាណ ៤៦៨នាក់ នៅទីស្នាក់ការគណបក្សស្រុក ដើម្បីពង្រឹងសតិអារម្មណ៍របស់ស្ត្រីឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

ពិធីក៏មានការចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធាន អនុប្រធាន សមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំទាំង១១ សមាជិកគណៈកម្មាធិការ គណបក្សស្រុក យុវជនគណបក្សស្រុក និងគណៈកម្មាធិការគណបក្សឃុំទាំង១១។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន ការងារដែលត្រូវធ្វើបន្ត និងការងារត្រៀមធ្វើក្នុងពេលខាងមុខដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋស្រុកកោះធំដែលរួមមាន៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កីឡដ្ឋានហែលទឹកស្រុកកោះធំ ស្ពានឆ្លងទន្លេ បាសាក់ស្រុកកោះធំ គម្រោងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសូឡាចំនួន២៨០០ដើម ការសាងសង់មន្ទីរពេទ្យតេជោសែនកោះធំដើម្បីធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រឱ្យមានស្តង់ដាខ្ពស់ខ្នាតអន្តរជាតិសំដៅផ្តល់ទំនុក ចិត្តលើការផ្តល់សេវាថែទាំសុខភាព សុខុមាលភាពជូនប្រជាពលរដ្ឋស្រុកកោះធំ និងកិច្ចសហការរវាង មន្ទីរពេទ្យតេជោសែន កោះធំ និងមន្ទីរពេទ្យកាល់ម៉ែតជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ដែលបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈស្របតាមពាក្យស្លោក «មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូច ពេលសព្វថ្ងៃនេះ»។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យក្រុមការងារស្ត្រីទាំងអស់ជួយផ្សព្វផ្សាយ អំពីការពិតនៃសមិទ្ធផលទាំងនេះទៅកាន់មិត្តភក្កិ បងប្អូនសាច់ញាតិ ក៏ដូចជាសាធារណៈជនឱ្យបាន យល់ជ្រួតជ្រួបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណៈបក្សកម្ពុជា និងជួយជួយផ្សព្វផ្សាយអំពីការកើនឡើងនៃជីវិតសង្ឃឹមរស់គិតជាមធ្យម(Life Expectancy)ចំនួន១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមាន ការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបាយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំនិងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារ បរិភោគគ្រប់គ្រាន់ និងទឹកទទួលទានស្អាតជាដើម។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមការងារស្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាក់ទាញ និងជំរុញលើកទឹកចិត្តសមាជិកសមាជិកា គណបក្សបន្ថែមទៀតសំដៅទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀតនៅតាមមូលដ្ឋាន ក៏ដូចជានៅក្នុងក្របខណ្ឌទូទាំងផងដែរ៕