(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានចុះជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាតាមខ្នងផ្ទះ។

ការងារនេះធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី៨ នៃប្រតិទិនឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

នាពេលនោះ ក្រុមការងារគណបក្សក៏បានដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិក សមាជិកាបក្សឃុំ និងសកម្មជនក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រ និងសុំភាពយុត្តិធម៌ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន គឺគណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅជាមួយរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសកាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានប្រកាសកាត់ឆ្វៀលដីអាស្រ័យផល និងដីលំនៅដ្ឋានជាក់ស្តែងរបស់ឃុំម្សាក្រងពីតំបន់២មកតំបន់១ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើប្លង់កម្មសិទ្ធិពេញលេញ ឬប្លង់រឹងបាន។

នៅក្នុងយុទ្ធនាការឃោសនានេះផងដែរ លោក សាយ គឹមឡម និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង បានបញ្ជាក់ច្បាស់ៗថា គណបកប្រជាជនកម្ពុជាក្នុងឃុំម្សាក្រងមានលេខរៀងទី៣នៅក្នុងសន្លឹកឆ្នោត សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍមូលដ្ឋាន និងរក្សាសន្តិភាពឱ្យបានគង់វង្ស៕