(ភ្នំពេញ)៖ សម្ភារបរិក្ខាសម្រាប់សេវាសុខភាពភ្នែកកុមារ និងទារក ដែលមានតម្លៃជាង៧ម៉ឺនដុល្លារអូស្ត្រាលី ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី និងអង្គការ Sight For All ប្រគល់ជូនដល់មន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ។
លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី កន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការជួយនៅក្នុងកម្មវិធីជាតិសុខភាពភ្នែក នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង រដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការ SIGHT FOR ALL ដែលបានរួមចំណែក ជួយអភិវឌ្ឍន៍សេវាព្យាបាលចក្ខុរោគ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩មក រួមទាំងមន្ទីរពេទ្យកាល់ម៉ែតផងដែរ។ លោករំពឹងយ៉ាងមុតមាំថា អង្គការនានារបស់អូស្ត្រាលី នឹងបន្តជួយដល់កម្ពុជាជាបន្តទៀត ជាពិសេសក្នុងការថែទាំសុខភាពភ្នែករបស់កុមារ និងទារក។
លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ជំនួយនាពេលនេះ ពិតជាមានអត្ថប្រយោជន៍ និងមិនអាចកាត់ថ្លៃបាន ដែលនេះជាជួយទាំងសម្ភារ និងការបណ្តុះបណ្តាល ពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី និងអង្គការ Sight For All។
លោកសាស្ត្រាចារ្យ បានបន្ថែមថា រដ្ឋាភិបាលអូស្ត្រាលី និងអង្គការ នឹងបន្តជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀត តាមរយៈការបណ្តុះបណ្តាល ដែលមន្ទីរពេទ្យ នឹងបញ្ជូនវេជ្ជបណ្ឌិតឯកទេស ទៅសិក្សាយកបទពិសោធន៍បន្ថែមទៀត ពីប្រទេសអូស្ត្រាលី សម្រាប់បម្រើផលប្រយោជន៍សុខភាពភ្នែក ជូនដល់ប្រជាជនកម្ពុជា។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបង្ហាញក្តីរីករាយ និងមោទនភាព ដែលបានឃើញការរីកលូតលាស់ នៃផ្នែកចក្ខុរោគប្រចាំមន្ទីរពេទ្យ ថ្វីត្បិតតែនេះ ជាជំហ៊ានដំបូង នៃការបង្កើតជាមជ្ឈមណ្ឌលព្យាបាលឯកទេសភ្នែកជាន់ខ្ពស់ (Sub-specialize eye clinic) ក៏ពិតមែន មន្ទីរពេទ្យមានមហិច្ឆតា ចង់បង្កើតជាពហុជំនាញឯកទេសភ្នែកជាន់ខ្ពស់ផ្សេងៗទៀត ដូចជា៖ ឯកទេសព្យាបាលកញ្ចក់ភ្នែក និងវះកាត់កែកំហុសកំណុំរូបភាព (Cornea and refractive surgery) ឯកទេសព្យាបាល និងវះកាត់បាតភ្នែក (Vitreo-retina) ឯកទេសព្យាបាល និងវះកាត់ដុំសាច់ និងកែបញ្ហាត្របកភ្នែក (Oculo-plastic and reconstruction) និង ឯកទេសជំងឺទឹកដក់ក្នុងភ្នែក (Glaucoma)ដែលជាឯកទេសតម្រូវការបន្ដបន្ទាប់។
លោក ឈាង រ៉ា រំលឹកថា អង្គការ Sight For All បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់ ជាមួយមន្ទីរពេទ្យកាល់ម៉ែតក្នុងឆ្នាំ២០២០ ដើម្បីជួយបណ្តុះបណ្ដាលធនធានមនុស្ស និងផ្តល់ជំនួយជាសម្ភារៈចាំបាច់នានា សម្រាប់គាំទ្រដល់សេវាចក្ខុរោគ នៅមន្ទីរពេទ្យបន្ថែមទៀត ហើយសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការ Sight For All នឹងបន្តជួយគាំទ្រ ទាំងការបណ្តុះបណ្តាល និងការផ្ទេរនូវបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ ដល់មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យលំដាប់ចុងក្រោយគេនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការសេវាសុខភាពភ្នែក របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងយុគសម័យឌីជីថលទំនើបនេះ៕