(កណ្តាល)៖ ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៩០០នាក់ នៅក្នុងភូមិទាំង១៥ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋនៅឃុំលើកដែក មានផ្លូវបេតុងល្អប្រើ មានភ្លើងបំភ្លឺផ្លូវ ហើយប្រជាពលរដ្ឋ លែងកាន់និងប្រើភ្លើងទៀនទៀតហើយ គេប្រើភ្លើងដោយពន្លឺព្រះអាទិត្យ ដាក់អំពូលភ្លើង។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា ឃុំលើកដែកក្នុងពេលឆាប់ៗនេះនឹងមានផ្លូវល្អពីឃុំលើកដែក ទៅស្រុកលើកដែក ដែលគ្រោងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅកាន់ភូមិមួយ គណបក្សប្រជាជនសន្យាហើយគឺត្រូវតែធ្វើ មិននិយាយហើយទុកចោលទេ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ធ្ងរថា ក្រុមការងារគណបក្សប្រជាជននៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល គឺជាអ្នកបម្រើរាស្ត្រ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យខំបម្រើរាស្ត្រ ផ្ដល់សេវាសាធារណៈ សេវាចាំបាច់ ធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា សុខសន្តិភាពធ្វើឱ្យកម្ពុជា ទាក់ទាញទេសចរណ៍រាប់លានអ្នកមកលេងប្រទេសកម្ពុជា បង្កើតការងារឱ្យប្រជាពលរដ្ឋមានការងារធ្វើ ដឹកនាំទំនិញទៅលក់នៅបរទេស មានឱកាសសាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក ភ្លើង នេះហើយសុខសន្តិភាព កុំយកអ្វីមួយ មកប្តូរ នឹងសុខសន្តិភាពឱ្យសោះ កត្តានេះសំខាន់ណាស់យើងការពារសុខសន្តិភាពឱ្យបាន កសាងប្រទេសជាតិយើងឱ្យបានច្រើនបន្ថែមទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យ បានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឃុំលើកដែក ស្ថិតក្នុងលំដាប់លេខរៀងទី៥ មានរូបទេវតាបាចផ្កាជាសម្គាល់ ក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន៥ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ព្រមទាំងសូមពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំលើកដែក រួមមាន៖ ធ្វើផ្លូវបេតុងចំនួន ៨កន្លែង ប្រវែង ១០.១៨០ម៉ែត្រ ក្នុងនោះ នៅភូមិចំការដូង ១កន្លែង ប្រវែង ២.៤០០ម៉ែត្រ នៅភូមិព្រែកអណ្ដូង ១កន្លែង ប្រវែង ៣០០ម៉ែត្រ នៅភូមិថ្មី ១កន្លែង ប្រវែង ៤.៤៨០ម៉ែត្រ នៅភូមិអន្លង់ស្លាត ១កន្លែង ប្រវែង១.៦០០ម៉ែត្រ នៅភូមិពោធិ៍មិត្ត ១កន្លែង ប្រវែង ៣០០ម៉ែត្រ នៅភូមិត្រឡោកបែក ១កន្លែង ប្រវែង ៤០០ម៉ែត្រ នៅភូមិព្រែកខ្នាច ១កន្លែង ប្រវែង ៧០០ម៉ែត្រ សាងសង់លូជ្រុង ២កន្លែង ប្រវែង ៨០ម៉ែត្រ ក្នុងនោះនៅភូមិត្រឡោកបែក ១កន្លែង ប្រវែង ៤០ម៉ែត្រ នៅភូមិពាមផ្ទោលលិច ១កន្លែង ប្រវែង ៤០ម៉ែត្រ៕