(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានចុះជួបសួរសុខទុក្ខ អាជីវករ នៅក្នុងផ្សារព្រែកប៉ិ និងចែកខិត្តបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅតាមផ្ទះក្នុងភូមិ៥ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

ពិធីនេះក៏មានការចូលរួមពីអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំកោះធំខ សមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងឃុំកោះធំខ។

នៅក្នុងដំណើរចុះជួបសួរសុខទុក្ខនេះ លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនបងប្អូនអាជីវករអំពីគម្រោងកំពុងដំណើរ ការសាងសង់ មន្ទីរពេទ្យតេជោសែនកោះធំ ដែល សមិទ្ធផលថ្មីនេះនឹងលេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ ក្នុងពេលឆាប់ៗ នៅស្រុកកោះធំ ដែលជាមន្ទីរពេទ្យដ៏ធំមួយ អាចផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកកោះធំ និងប្រជាពលរដ្ឋមកពីតំបន់ជុំវិញស្រុកកោះធំដូចជា៖ ស្រុកស្អាង ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ដើម្បីសម្រួលដល់ការពិនិត្យ និងព្យាបាលជំងឺផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើ និងអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឃុំកោះធំខ ឋិតក្នុងលំដាប់លេខរៀងទី១ មានរូបទេវតាបាច់ផ្កាជាសម្គាល់ឋិត ក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន២គណបក្ស ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

គួរកត់សម្គាល់ថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំកោះធំខ រួមមាន៖ ធ្វើផ្លូវបេតុងបាន៥កន្លែង ប្រវែង ១,៨៩៩ម៉ែត្រ ក្នុងនោះ រួមមានភូមិសំប៉ាន និងភូមិព្រែកតាកែរ ប្រវែង ៥០០ម៉ែត្រ នៅភូមិព្រែកតាកេរ និងភូមិព្រែកសំរោងប្រវែង ១៣២ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាកេរមួយកន្លែង ប្រវែង ១១០ម៉ែត្រ នៅភូមិ ស្វាយតាមេឃ និងភូមិព្រែកសំរោង ១កន្លែង មានប្រវែង ៣០០ម៉ែត្រ និងសាងសង់ស្ពានបេតុង មួយខ្សែប្រវែង ១០ម៉ែត្រ៕