(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកកោះធំ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ មុំ ជោត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកស្ដី តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា និងមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក បុគ្គលិកមន្ទីរពេទ្យបង្អែកស្រុក បុគ្គលិកមណ្ឌលសុខភាពព្រែកជ្រៃ និងប្រជាពលរដ្ឋ សរុបប្រមាណ៥២៩រូប។

ថ្លែងនាឱកាសនោះលោលទេសរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការយកចិត្តទុកដាក់ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ លើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋស្រុក កោះធំ ជាពិសេសការខិតខំប្រឹងប្រែងស្វែងរកថវិកាមកជួយកសាង ជួសជុលមណ្ឌលសុខភាពនៅឃុំ ព្រែកជ្រៃ និងបានលើកឡើងអំពីការបំពេញការងាររបស់រាជរដ្ឋាភិបាលជូនប្រទេសជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ និងរដ្ឋាភិបាលតែមួយ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា សុខសន្តិភាពនេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានឱកាសទាក់ ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជា បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ទាក់ទាញទេសចរណ៍មកលេងកម្ពុជា បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងយកកសិផល ទំនិញផលិតនៅកម្ពុជាទៅលក់នៅបរទេស ផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាលកសាង ផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម ប្រឡាយទឹក និងការសម្រេចបានសមិទ្ធផលទាក់ទងនឹងវិស័យសុខាភិបាលជាច្រើនទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការកើនឡើងនៃជីវិតសង្ឃឹមរស់ (Life Expectancy) រយៈពេល ១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំកន្លងទៅដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវ ធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាពរួមជាមួយនឹងបរិស្ថាន រស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរ ពេទ្យតេជោសែនកោះធំ គម្រោងបំពាក់សម្ភារៈវេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដាអន្តរជាតិដូចជា៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ និងបានជម្រាបជូនថា បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែតកំពុងបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យប្រមាណជាង១០០នាក់ ដើម្បីត្រៀមមកផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋនៅមន្ទីរ ពេទ្យតេជោសែនកោះធំ ហើយលោកសង្ឃឹមជឿជាក់ថាពលរដ្ឋនៅស្រុកលើកដែក ស្រុកស្អាងនៃខេត្តកណ្តាល ស្រុកព្រៃកប្បាសនៃខេត្តតាកែវ ក៏ដូចជាជនជាតិវៀតណាមតាមទល់ដែនអាចមកទទួលសេវាព្យាបាល ជំងឺនៅមន្ទីរពេទ្យនេះផងដែរ។

គួរកត់សម្គាល់ថា យោងតាមរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារទទួលបន្ទុកការងារសាងសង់ បានឱ្យដឹងថា៖ គិតត្រឹមសប្តាហ៍ទី៤ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ការងារសាងសង់សម្រេចបាន ៣៦.០៨%ហើយ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមុនពិធី បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ។

សូមជម្រាបជូនថា៖ អគារមណ្ឌលសុខភាពព្រែកជ្រៃដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះបានកសាងកាលពីខែធ្នូ ឆ្នាំ២០១៩ លើផ្ទៃដីចំនួន៣៦១ម៉ែត្រការ៉េ ទទឹង១៨ម៉ែត្រ បណ្ដោយ២៨ម៉ែត្រ ចំណាយអស់ថវិកាចំនួន ៥៩៩ ៩៥៣ ៥០០រៀល ក្នុងនោះរួមមាន៖ ការធ្វើរបងជុំវិញមណ្ឌលសុខភាព ចាក់សាបទីធ្លាខាងក្រោម ធ្វើបន្ទប់ចំនួនពីរនៅខាងក្រោម ជណ្តើរសម្រាប់ជនពិការ ឡដុតសំរាម ជណ្តើរ ដើរចុះព្រែកសម្រាប់សេវាផ្លូវទឹក និងមានបំពាក់ម៉ាស៊ីនត្រជាក់ចំនួនពីរគ្រឿង។ សម្ធិផលទាំងនេះបាន ធ្វើឱ្យឃុំព្រែកជ្រៃមានការផ្លាស់ប្តូរមុខមាត់ជាថ្មីម្ដងទៀតផងដែរ៕