(ភ្នំពេញ)៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នឹងរៀបចំនូវសន្និសីទ សន្តិសុខនយោបាយវេទិការតំបន់អាស៊ាន លើកទី១៩ (19th ASPC) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខបកបដោយភាពសុខដុម»។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា សន្និសីទថ្នាក់តំបន់កម្រិតខ្ពស់នេះនឹងដឹកនាំដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយសន្តិសុខ និងការពារជាតិ នៃបណ្ដាប្រទេសជាសមាជិកវេទិកាតំបន់អាំស៊ានចំនួន ២៧ប្រទេស រួមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន។
ក្នុងអំឡុងនៃសន្និសីទ បណ្តាប្រទេសជាសមាជិកវេទិកាតំបន់អាស៊ាន នឹងធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដោយផ្តោតជាពិសេសលើ៖
*(១)៖ ការវិវត្តន៍នៃស្ថានការណ៍សន្តិសុខ និងការពារជាតិនៅក្នុងតំបន់ និងអន្តរជាតិ
*(២)៖ ការរិះរកវិធានការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិតំបន់ក្រោយជំងឺក់វីដ១៩ និង
*(៣)៖ ការលើកកម្ពស់វិធានការកសាងទំនុកចិត្ត និងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងចំណោមប្រទេសជាសមាជិកវេទិកាតំបន់អាស៊ានឆ្ពោះទៅសន្តិសុខប្រកបដោយភាពសុខដុម។
សន្និសីទសន្តិសុខនយោបាយវេទិកាតំបន់អាស៊ាន គឺជាវេទិកាដ៏មានសារសំខាន់មួយសម្រាប់កិច្ចសន្ទនាកម្រិតខ្ពស់ពាក់ព័ន្ធបញ្ហាសន្តិសុខ និងការពារជាតិក្នុងតំបន់ និងអន្តរជាតិ និងដើម្បីលើកកម្ពស់ភាពជឿជាក់ និងការយោគយល់ទៅវិញទៅមកក្នុងបណ្តាប្រទេសចូលរួម ក្នុងគោលបំណងពង្រឹងសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ប្រកបដោយចីរភាព។
សេចក្តីប្រកាសព័ត៌មានដដែល បានចាត់ទុកថា ភាពជាម្ចាស់ផ្ទះសន្និសីទសន្តិសុខនយោបាយវេទិកាតំបន់អាស៊ានលើកទី១៩ សរបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ដើម្បីជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕