(កណ្តាល )៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ នៅរសៀលថ្ងៃទីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំសំពៅពូន សរុបប្រមាណ ១ ១២៥នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល។

ពិធីនេះក៏មានការចូលរួមពីលោកសាស្រ្តាចារ្យមហាបរិញ្ញា ឈាង រ៉ា អនុប្រធានទី៣ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក , អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក ហេង រ័ត្នពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ឃុំ ភូមិឃុំសំពៅពូន គណៈអចិន្ត្រៃយ៍គណបក្សស្រុក និងបេក្ខជនពេញសិទ្ឋិក្រុមប្រឹក្សាឃុំ អាណត្តិទី៥។

ថ្លែងទៅកាន់សមាជិកសមាជិកាគណបក្ស លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យបេក្ខជន បេក្ខនារីដែលបានឈរឈ្មោះបោះឆ្នោតចេះលើកទឹកដល់មន្ត្រីក្រោមឱវាទ មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ប៉ុន្តែថ្នាក់ដឹកនាំគួរតែទទួលយកខុសបានហើយ ទុកឱ្យមន្ត្រីក្រោមឱវាទជាអ្នកទទួលយកត្រូវ និងបានរំលឹកឡើងវិញផងដែរ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីថា៖ មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រទេ ត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈ ឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព។

លោកទេសរដ្ឋមន្ត្រីបានធ្វើកត់សម្គាល់បន្ថែមថា ក្នុងសង្គមយើងសព្វថ្ងៃនេះមានមនុស្សចំនួន៤ ប្រភេទគឺ៖ អ្នកថា អ្នកធ្វើ អ្នកឈរមើល និងអ្នកទិទៀន ក្នុងចំណោមមនុស្សបួនប្រភេទនេះ ចូរកុំធ្វើខ្លួនជាអ្នកថា និងអ្នកឈរមើល គួរចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងនូវពាក្យស្លោកបន្ថែមទៀតថា សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង ពោលគឺ៖ ការតិះដៀលគ្នាទៅវិញទៅមកមិននាំចំណេញដល់ជាតិទេ ប៉ុន្តែត្រូវធ្វើការឱ្យមានប្រសិទ្ធភាព តម្លាភាព ទើបជាតិយើងអាចរស់នៅក្នុងជីវភាពល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំសំពៅពូន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ សូមប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌ទាំងឡាយដែលមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីធានាឱ្យបរិយាកាសនៅក្នុងដំណើរការឃោសនាបោះឆ្នោតថ្ងៃស្ងប់ស្ងាត់ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋនៅឃុំសំពៅពូន ឱ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន រូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១នៅលើសន្លឹកឆ្នោតសម្រាប់ឃុំសំពៅពូនឱ្យបានគ្រប់ៗគ្នា ដោយនាំយកទៅជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតផងដែរ៕