(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce កំពុងផលិតរថយន្តម៉ូដែល Phantom Zenith Collection ក្នុងចំនួនតែ៥០ គ្រឿងប៉ុណ្ណោះ សម្រាប់អតិថិជន ដែលបានបញ្ជាទិញរួចអស់ទៅហើយ ដែលរថយន្ត Phantom Zenith Collection នេះច្នៃចេញពី ម៉ូដែល Phantom Drophead Coupé និង Phantom Coupé តាមរយៈការបន្ថែមនូវបរិក្ខាពិសេសៗដ៏ប្រណីតអស្ចារ្យ ហើយម៉ូ​ដែល​ទាំងពីរនេះក៏លែងមាន ផលិតទៀតដែរទៅថ្ងៃអនាគត ។

អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce លោកTorsten Müller-Ötvös បានថ្លែងថា «ខណៈដែលយើងចាប់ផ្ដើមបើក ទំព័រថ្មីសម្រាប់ប្រវត្តិសាស្ត្ររថយន្ត Rolls Royce ខ្ញុំមាន​រីករាយ​យ៉ាងខ្លាំង ព្រោះការបង្ហាញជូននូវរថយន្តពិសេស ច្នៃចេញពីរថយន្ត ពីរម៉ូដែល  ដែលជារថយន្តស្ថិតក្នុងចំណោម រថយន្តមហាប្រណីត និងកម្របំផុតក្នុងលោកគឺ ស៊េរី Phantom Drophead Coupéនិង Phantom Coupé ហើយរថយន្តពិសេសនោះ គឺ ស៊េរី Phantom Zenith Collection។ រថយន្តស៊េរីនេះ បញ្ជាក់ប្រាប់ពីការប្ដេជ្ញាចិត្តឥត ឈប់ឈររបស់ក្រុមហ៊ុនក្នុងការបង្កើតស្តង់ដារ ក៏ដូ​ចជាជំរុញ​​​ស្តង់​​ដាររថយន្តមហាប្រណីតឲ្យឈានខ្ពស់មួយកម្រិតទៀត» ។

នៅពេលបើកទ្វាររថយន្ត ម្ចាស់រថយន្តនឹងបានឃើញនូវគំនូសបង្ហាញពីប្រវត្តិនៃរថយន្តដ៏ពិសេសទាំងនេះ ដែលបានឆ្លាក់ដោយ កាំរស្មីឡាស៊ែរយ៉ាងស្រស់ស្អាត នៅលើគម្របធ្នាក់ដៃទ្វាររបស់រថយន្ត ។ គំនូសនេះ បង្ហាញពីទីតាំងនៃការចាប់ផ្ដើមសាកល្បង ពិសោធន៍នៃរថយន្តទាំងពីរម៉ូដែល ចំណែកឯថតនៅចំកណ្ដាលតាប្លូ ត្រូវបានប្រើដើម្បីដាក់នូវវត្ថុអនុស្សាវរីយ៍ ពុំអាចកាត់ថ្លៃបានដែ​ល បង្ហាញប្រាប់​​ថារថយន្តមួយៗ ស្ថិតក្នុងចំណោមរថយន្តចុងក្រោយបំផុត ដែលបានផលិតឡើង។ នៅពេលបើកថតនេះភ្លាមម្ចាស់ រថយន្ត នឹងឃើញប្រអប់អាលុយមីញ៉ូមដ៏ភ្លឺចិញ្ចាច ដែលអាចដកចេញបាន ដែលប្រអប់នេះមានឆ្លាក់នូវលេខសម្គាល់ រថយន្តរបស់ខ្លួន  ដោយក្នុងប្រអប់នេះដែរ គឺមានឆ្លាក់នូវឈ្មោះស៊េរី របស់ម៉ូដែល Phantom ដែលផលិតចេញពីរោងចក្រនៅឯ Goodwood ប្រទេស អង់គ្លេស ។

បរិក្ខាដ៏អស្ចារ្យសម្រាប់រថយន្តនេះ គឺមានសរសេរពីកូអរឌីណេភូមិសាស្ត្រដែលប្រាប់ពីទីតាំងពិតប្រាកដដែលលោហធាតុត្រូវបានយក មកប្រើប្រាស់ ដើម្បីផលិតបរិក្ខានោះ ហើយបំពាក់ផ្សេងទៀតរួមមាន កុងទ័រ ដែលធ្វើចេញពីដែកថែបភ្លឺចិញ្ចាច ដែលធ្វើឲ្យទាក់ភ្នែក មកកាន់កុងទ័រនេះ ដែលបង្ហាញពីកម្លាំងថាមពលរថយន្ត ដែលបញ្ចេញដោយមិនបាច់ប្រឹង ។ ទន្ទឹមនឹងនេះគឺអំពូលផ្កាយលើផ្ទៃដំបូល ដែលនេះជាលើកទីមួយហើយដែលបរិក្ខានេះមានបំពាក់លើម៉ូដែល Phantom Coupé ដោយផ្កាយនីមួយៗត្រូវបានដេរ ប៉ាក់ឌិន ដោយដៃ ហើយផ្កាយទាំងនោះរះជាកញ្ចុំនៅផ្ទៃខាងមុខ ហើយមានពន្លឺតិចទៅៗនៅផ្ទៃខាងក្រោយ ។

សម្រាប់ផ្ទៃខាងក្រៅវិញគឺមានពណ៌យ៉ាងពិសេស ដូចជាពណ៌ក្រហមក្រមៅលាយទឹកប្រាក់ គឺយកគំរូតាមម៉ូដែល Phantom II នាទសវត្សរ៍ឆ្នាំ១៩៣០ ។ ពណ៌កាន់តែដិតជាងនេះ គឺពណ៌ខៀវលាយស ដែលជាពណ៌ទាន់សម័យគឺត្រូវបានធ្វើឡើងដោយ យកគំរូតាម រថយន្ត Rolls-Royce ម៉ូដែល Phantom II Continental ដ៏ពិសេស ក្នុងទសវត្សរ៍ ១៩៣០ ខណៈដែលទឹកថ្នាំភ្លឺដូចកែវ ត្រូវបានរ​ចនា​​ឡើងដើម្បីធ្វើឲ្យរថយន្តម៉ូដែល Phantom កាន់តែភ្លឺដូចកញ្ចក់៕