(អាមេរិក)៖ សភាអាមេរិក បានអនុម័តច្បាប់ថវិកា ជាទឹកប្រាក់ ៦២២លានដុល្លារអាមេរិក ដើម្បីត្រួតពិនិត្យការរីករាល​ដាលនៃមេរោគ Zika នេះបើយោងតាមការបញ្ជាក់របស់​តំណាងសភាអាមេរិក និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា។

ចំនួនទឹកប្រាក់ដែលសភាអាមេរិក បានអនុម័តនេះ គឺតិចជាងសំណើ​របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា និងតិចជាងការស្នើបស់ព្រឹទ្ធសភាទៀត។

គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង នៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់​ដា​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ ហើយ​នៅ​ឆ្នាំ​១៩៥២ ជំងឺ​នេះ បាន​ឆ្លង​ជា​លើក​ដំបូង​មក​មនុស្ស​ តាម​រយៈ​មូស​ខ្លា​ខាំ និង​បាន​រីក​រាល​ដាល​នៅ​តំបន់​អាហ្រ្វិក​ និង​កោះ​មួយ​ចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ នឹង​មាន​អាការៈ ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឡើង​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ឡើង​ក្រហម​ ពោល​គឺ​មានអាការៈ​ និង​រោគ​សញ្ញា ដូច​គ្នា​នឹងជំងឺ​គ្រុន​ឈាម​ដែរ​៕