(ភ្នំពេញ)៖ ដើម្បីអបអរខួបលើកទី៧១ ថ្ងៃកំណើតនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត សៀមរាប បាននាំយកទឹកស្អាត និងទឹកសុទ្ធចំនួន១០០០យួរ សារ៉ុងចំនួន៣៤០សារ៉ុង ទៅចែកជូនប្រជាពលរដ្ឋ ចំនួន៣៤០គ្រួសារ ស្ថិតក្នុងឃុំជីក្រែង ក្នុងនោះមានការប្រគល់ផ្ទះចំនួន ០១ខ្នង ដែលមានទំហំ០៤គុណ០៥ម៉ែត្រ, អង្ករ៥០គីឡូក្រាម, ម៉ី០២កេះ, កន្ទេល០១, មុង០១, កន្សែងពោះគោ០២, ខ្នើយ០១គូ, ថវិកាចំនួន៧០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

លោកឧត្តមសេនីយ៍ទោ សត ណាឌី បានឲ្យដឹងថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ជាថ្ងៃទិវាខួបអនុស្សាវរីយ៍ លើកទី៧១ឆ្នាំខួបកំណើត របស់កងកម្លាំងនគរបាលជាតិកម្ពុជា ដើម្បីផ្សារភ្ចាប់ទំនាក់ទំនង ឲ្យបានស្អិតរមួតក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សុវតិ្ថភាពជូន ប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ លោកក៍បានយកទិវានេះ ប្រារព្វទិវាចែកទឹកនិងប្រគល់ផ្ទះ ជូនប្រជាពលររដ្ឋដែល កំពុងតែជួបនូវ កង្វះខាតនាពេលនេះ។

លោកក៏សូមសំណូមពរ សូមឲ្យអាជ្ញាធរនៅមូលដ្ឋាន ពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបំរើ សេវាសាធារណ: ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រូវរាយការជាបន្ទាន់ នូវរាល់បញ្ហាប្រឈម របស់ប្រជាពលរដ្ឋដែលជួបនូវការ លំបាកដើម្បីមានគោលការដោះស្រាយ ជូនពួកគាត់ឲ្យបានទាន់ពេលវេលា និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវនាំគ្នាគោរពច្បាប់ របស់រដ្ឋ ពិសេសច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមសហការរាយការណ៍ ផ្តល់ព័ត៌មានដល់កម្លាំងមានសម្ថកិច្ចនគរបាលពិសេស ចូលរួមក្នុងប្រជាការពារភូមិ ឃុំរបស់ខ្លួនឲ្យបានព្រមៗគ្នា ស្របតាមការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលយើង ទាំងអស់គ្នាកំពុងតែអនុវត្តន៍៕