(ភ្នំពេញ)៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានស្នើសុំសាលារាជធានីភ្នំពេញ ធ្វើបាតុកម្មមួយព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ សុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដកពាក្យបណ្តឹង និងការចោទប្រកាន់ទៅលើមន្រ្តីអង្គការសង្គមស៊ីវិលចំនួន ៤រូប និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ។

នៅក្នុងលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅថ្ងៃទី១៨ ខែឧសភា ម្សិលមិញនេះ លោក ម៉ម សូណង់ដូ បានបញ្ជាក់ថា បាតុកម្មនេះធ្វើឡើងដោយសន្តិវិធី មានអ្នកចូលរួមយ៉ាងតិច២០០នាក់ ហើយជួបជុំនៅទីលានប្រជាធិបេតយ្យចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់។

ក្នុងលិខិត ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ លោក ម៉ម សូណង់ដូច បានបញ្ជាក់ថា «ខ្ញុំ ម៉ម សូណង់ដូ និងប្រជាពលរដ្ឋទាំងអស់មិនចង់បានអ្វីក្រៅពីភាពយុត្តិធម៌នោះទេ។ ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុង និង ក្រៅប្រទេស ចង់បាននូវការផ្សះផ្សាជាតិ ឯកភាពជាតិជាដំណោះស្រាយតែមួយគត់ ដែលធ្វើឲ្យខ្មែរទាំងអស់រួបរួមគ្នាដើម្បី អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនទៅថ្ងៃអនាគត»

ក្នុងលិខិតដដែលនេះ លោក ម៉ម សូណង់ដូរ ក៏បានស្នើសូមឲ្យអង្គភាពប្រឆាំងអំពើពុករលួយ យកច្បាប់ទៅអនុវត្តគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋទាំងអស់ ដោយគ្មានភាពលំអៀង ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤រូប រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើប អង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធធនាគារព្រៃស ពាក់ព័ន្ធបទល្មើសសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្រោយពីមានការសាកសួរពីតុលាការ និង អង្គភាពប្រឆាំងអំពើពុករលួយ។

ការនាំខ្លួនទៅសាកសួរ និងការឃុំខ្លួននេះ បានធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ស្រីមុំ បានអះអាងថា ការមិននិយាយការពិតនេះ ដោយមានការបង្គាប់បញ្ជាពីជនជាប់ចោទទាំង ៥រូបខាងលើនេះ៕