(ភ្នំពេញ)៖ ព្រមានចេញពីរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News បានប្រកាសទុករយៈពេល៣ម៉ោងឲ្យ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានថា «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ»។
សូមបញ្ជាក់ថា នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។
មុនឡើងមកដល់វគ្គជម្រុះជុំចុងក្រោយនេះ ក្រុមគោព្រៃកម្ពុជា បានទម្លាក់ក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង ២ជើងកាលពីវគ្គ Play-Off ដោយលទ្ធផល ៣-១ នៅប្រទេសបារែន។ រីឯក្រុមដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រវិញ គឺមាន ១៣ក្រុម រួមមានចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕