(ភ្នំពេញ)៖ ទីបំផុត ! ក្រោយការព្រមានចេញពីរាជធានីភ្នំពេញ របស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា, នៅល្ងាចថ្ងៃទី៨ ខែមិថុនានេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានត្រូវធ្វើលិខិតផ្លូវការសុំទោសកម្ពុជាហើយ ចំពោះកំហុសរបស់ដែលមិនបានយកចិត្តទុកដាក់ចំពោះក្រុមបាល់ទាត់កម្ពុជា រួមទាំងទង់ជាតិរបស់កម្ពុជា។
នៅក្នុងលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលបានផ្ញើជូនមកសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា «ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ, វាជារឿងគួរឱ្យសោកស្ដាយដែលទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅត្រង់ ផ្នែករចនា និងពណ៌។ ដូច្នេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយសម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះគឺជាការអនុវត្តជាទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC»។
សូមជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News បានព្រមានទុកយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានចេញលិខិតសុំទោសកម្ពុជា។
សូមបញ្ជាក់ថា នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។
មុនឡើងមកដល់វគ្គជម្រុះជុំចុងក្រោយនេះ ក្រុមគោព្រៃកម្ពុជា បានទម្លាក់ក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង ២ជើងកាលពីវគ្គ Play-Off ដោយលទ្ធផល ៣-១ នៅប្រទេសបារែន។ រីឯក្រុមដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រវិញ គឺមាន ១៣ក្រុម រួមមានចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕