(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោកស្រី ទេស្ប៉ានី យុប្រាហ្គឺដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរស័ព្ទសុំអភ័យទោសពីលោក ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរស័ព្ទមកលោកហើយបានថ្លែងថា «ខ្ញុំបានបញ្ជូនព័ត៌មានដែលកម្ពុជាអាក់អន់ចិត្ត ចំពោះសហព័ន្ធបាល់ទាត់ឥណ្ឌា ដែលរៀបចំមិនបានល្អលើការស្នាក់នៅកីឡាករកម្ពុជា ក៏ដូចជាបញ្ហាចាក់ភ្លេងជាតិកម្ពុជានៅពេលចាប់ផ្តើមប្រកួត ព្រមទាំងសម្តែងការសុំទោសចំពោះកំហុសឆ្លងនេះ»។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា បន្ទាប់ពីមានការសុំអភ័យទោសហើយនោះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏ស្នើសុំជួបទទួលទានកាហ្វេជុំគ្នាជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ ក្រោយត្រឡប់មកមាតុប្រទេសវិញ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវបានរិះគន់ថា មិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។ ជាពិសេស អ្នករៀបចំនេះពុំមានភ្លេងជាតិកម្ពុជា ដើម្បីចាក់នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាពេលដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។
នាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃទី០៨ ខែមិថុនា បានព្រមានទុករយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងសហពន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតសុំទោសកម្ពុជាផងដែរ៕