(ភ្នំពេញ)៖ ថ្វីត្បិតតែមានភាពមមាញឹកនៅក្នុងកិច្ចប្រជុំនៅប្រទេសរុស្ស៊ីក៏ដោយ ប៉ុន្តែសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្ត​ទុកដាក់ ជួយប្រជាពលរដ្ឋ ទាំងការផ្តល់ទឹក និងការជួយ ជួសជុលលំនៅដ្ឋាន-សាលារៀន ដែលរងការខូចខាត ដោយខ្យល់កន្រ្តាក់ ទោះបីមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងនៅលើFacebook Page យ៉ាងដូច្នេះថា «​ទោះបីខ្ញុំបានមកដល់រុស្សី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្សី ក៏ខ្ញុំនៅបន្តតាមដាន អំពីស្ថាន​ភាពភ្លៀង និង​សកម្មភាព​ចែកចាយទឹកដល់ប្រជាពលរដ្ឋ។ ខ្ញុំបានទទួលដំណឹងថាមានភ្លៀងចាប់ផ្តើមធ្លាក់កាន់តែច្រើនឡើងហើយនៅតាម បណ្តា ខេត្តមួយចំនួន។ តែកង្វះខាតទឹក​ប្រើគឺនៅតែចោទចំពោះ​បងប្អូនមួយចំនួនដែលកំពុង​ជួប្រទះបញ្ហានេះនៅឡើយ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «សូមអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ឋទាំងអស់បន្ត យកចិត្តទុកដាក់ ជួយបងប្អូនទាំងការផ្តល់ទឹក និងការជួយជួសជុលលំនៅដ្ឋាន និងសាលារៀន​មួយចំនួន ដែល​បង្កការ​ខូចខាតដោយខ្យល់កន្រ្តាក់។ មិនត្រូវទុកឲ្យ បងប្អូន យើងខ្វះទឹក ឬទុកឱ្យកូនក្មួយគ្មានសាលារៀនទេ។ គឺត្រូវជួសជុលជាបន្ទាន់ និងផ្តល់នូវជំនួយថ្នាំពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នានាជួយ ប្រជា​ពលរដ្ឋ។ សូមបន្តជីកនិងស្តារអណ្តូង ស្រះ បឹង ប្រឡាយ និងអាងស្តុកទឹក ឲ្យបានជ្រៅល្អ​ដែលអាចស្តុក​ទឹកបានប្រើប្រាស់ខួបប្រាំង​ខួបវស្សា​»

សម្តេច ហ៊ុន សែន ក៏បានថ្លែងអរគុណដល់សប្បុរសជនទាំងអស់ រួមទាំងមន្រ្តីរាជរដ្ឋាភិបាល និងយុវជនកាកបាទក្រហម និងអង្គការស្ម័គ្រចិត្ត នានាដែលបានចុះជួយ និងបរិច្ចាគ ធនធាន ដើម្បីជួយ​ប្រជាពលរដ្ឋ ដែលកំពុងខ្វះឃាតទឹកប្រើប្រាស់ផងដែរ៕