(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ពេលនេះកំពុងស្វែងរកមេធាវី ដើម្បីជួយ ការពារផ្នែកច្បាប់ចំពោះពលករខ្មែរ១៥នាក់ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការឆ្លងដែនទៅកាប់ឈើដោយខុសច្បាប់។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែល Fresh News ទទួលបាននៅមុននេះ បានឱ្យដឹងថា ពលករខ្មែរទាំងនោះ ត្រូវអាជ្ញាធរថៃឃាត់ខ្លួន ពេលទៅកាប់ឈើ នៅភូមិវាំងថាលុកៅ ឃុំកេងឌិនសរ ស្រុកណាឌី ខេត្តប្រាជីនបុរី ក្នុងនោះ ក៏មានការដកហូតរថយន្តម៉ាក ISUZU ១គ្រឿង រួមទាំងសម្ភារៈកាប់ឈើមួយចំនួន ផងដែរ។

ក្រសួងការបរទេសបានអះអាងថា ពលករខ្មែរទាំង១៥នាក់នេះ បានរងគ្រោះដោយការចាញ់បោក មេខ្យល់ដើម្បីឱ្យឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។

ក្រសួងការបរទេស ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស កុំឱ្យមានការជឿតាមពាក្យចចាមអារ៉ាម ឬការឆបោកពីមេខ្យល់ទុច្ចរិតតទៅទៀត។

នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលចង់ធ្វើការនៅក្រៅប្រទេសទាំងអស់ ត្រូវធ្វើបែបបទស្របច្បាប់ឱ្យបានត្រឹមត្រូវផងដែរ ដើម្បីជៀសវាងនូវការឆបោកផ្សេងៗ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងការបរទេស៖