(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ក្នុងវិស័យអាទិភាពមួយចំនួន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉ លើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិត គោលនយោបាយលើកទី៤ ដែលបានរៀបចំឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស្រី KIM Kyung Hee តំណាងរដ្ឋាភិបាលកូរ៉េ ធ្វើជាសហប្រធានជាមួយលោក ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤នេះ។

ជាលទ្ធផលផ្លែផ្កានៃកិច្ចពិភាក្សានោះ រវាងរដ្ឋាភិបាលទាំងពីរ បានសម្រេចលើបេក្ខភាពគម្រោងអភិវឌ្ឍន៍ទៅតាមវិស័យអាទិភាព ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ចសម្របសម្រួលឆ្នាំ ២០២២-២០២៦ (Framework Arrangement 2022-2026) ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១.៥ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ ២០២២-២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នានាដូចជា៖ ផ្លូវជាតិ និងផ្លូវជនបទ, ធារា-សាស្ត្រ, ថាមពល, ទឹកស្អាតនិងអនាម័យ, សុខាភិបាល និងវិស័យទូរគមនាគមន៍ ដែលសុទ្ធសឹងជាគម្រោងក្នុង វិស័យអាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ភាគីទាំងពីរ ក៏បានសម្រេចនូវសមិទ្ធផលមួយទៀតផងដែរ លើការចុះហត្ថលេខាកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព (Sustainable Rural Connectivity Improvement Project) ដែលមានទឹកប្រាក់ឥណទានសម្បទានចំនួន៦០លានដុល្លារអាមេរិក។

គិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២២, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១.៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ឥណទាន សម្បទានមានទឹកប្រាក់ប្រមាណ ១.៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រមាណ ជាង៤៥៥ លានដុល្លារអាមេរិក។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវការកោតសរសើរ ចំពោះលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់គួរជាទីមោទនភាព ក្នុងស្មារតីនៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិត គោលនយោបាយលើកទី ៤ រវាងរដ្ឋាភិបាលទាំងពីរ ដែលសម្រេចបានលើបេក្ខភាព គម្រោងអភិវឌ្ឍន៍ទៅតាមវិស័យ អាទិភាព។

លោកស្រី KIM Kyung Hee បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ១៩ ជាពិសេសបានធ្វើឲ្យកម្ពុជាត្រឡប់មករកប្រក្រតីភាព នៃការបើកប្រទេសឡើងវិញ៕