(ភ្នំពេញ)៖ វត្តមានពានបាល់ទាត់ពិភពលោក ដែលដង្ហែមកកាន់ប្រទេសកម្ពុជា និងដាក់តាំងបង្ហាញនៅវិមានកីឡដ្ឋាន ក្នុងពហុកីឡដ្ឋានមរតតេជោ នៅរសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ទទួលបានការចាប់អារម្មណ៍ហើយចូលទស្សនា និងថតរូបយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវវ័យ។

ការដាក់តាំងបង្ហាញពានរង្វាន់បាល់ទាត់ពិភពលោក ដែលរៀបចំឡើងដោយសហភាពព័ន្ធបាល់ទាត់ពិភពលោក សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមហ៊ុនកូកាកូឡា នៅវិមានកីឡដ្ឋាន ត្រូវបានធ្វើឡើងដោយមានការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរឹងបំផុតពីសំណាកសមត្ថកិច្ចកម្ពុជា ដើម្បីធានាសុវត្ថិភាពពានរង្វាន់ដ៏មានតម្លៃ និងប្រជាប្រិយភាពមួយនេះ។ បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋខ្មែរត្រូវបានគេអនុញ្ញាតឱ្យចូលទស្សនា និងថតរូបជាមួយពានរង្វាន់ ក្រោមការត្រួតពិនិត្យល្អិតល្អន់ពីក្រុមការងារ។

ពានរង្វាន់នេះត្រូវបានគេដាក់ក្នុងកញ្ចក់ ដោយមិនអនុញ្ញាតឱ្យអ្នកចូលទស្សនាប៉ះពាល់នោះឡើយ គឺពួកគេបានត្រឹមតែមើល និងថតរូបជាមួយប៉ុណ្ណោះ។ បើទោះបីមិនមានការអនុញ្ញាតឱ្យប៉ះពាល់យ៉ាងណាក្តី តែគេបានសង្កេតឃើញថា អ្នកចូលរួមទស្សនា និងថតរូបជាមួយពានបាល់ទាត់ពិភពលោក បង្ហាញនូវក្តីរំភើប និងរីករាយឥតឧបមា។

ពួកគេបានហៅការមានឱកាសទស្សនា និងថតរូបជាមួយពានបាល់ទាត់ពិភពលោកនេះ គឺជាឱកាសដ៏កម្រ និងជាសំណាងដ៏ធំធេងមួយសម្រាប់ពួកគេ។ ពួកគេក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល សហព័ន្ធបាល់ទាត់ពិភពលោក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមហ៊ុនកូកាកូឡា ដែលបានសហការរៀបចំនាំវត្តមានពានដ៏ល្បាញល្បីលើសាកលលោកមួយនេះមកកាន់ប្រទេសកម្ពុជា។

ពួកគេក៏បានបង្ហាញនូវមោទនភាពចំពោះជាតិកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលអាចបំពេញបាននូវលក្ខខណ្ឌរបស់សហព័ន្ធបាល់ទាត់ពិភពលោកក្នុងការនាំពាននេះមកបង្ហាញដល់ប្រជាពលរដ្ឋកម្ពុជា។ ពួកគេបានបង្ហាញនូវការដឹងគុណ និងអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងរក្សាសុខសន្តិភាព និងធ្វើឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ចសង្គម នាំមកនូវកិត្តិយស សេចក្តីថ្លៃថ្នូរ ហើយបង្កើតនូវព្រឹត្តិការណ៍សំខាន់ៗកម្រិតអន្តរជាតិលើទឹកដីកម្ពុជា។

សូមបញ្ជាក់ថា ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធ ទម្ងន់ជាង ៦គីឡូក្រាម ត្រូវបានដង្ហែមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ការមកដល់នៃពាននេះ ទទួលបានការស្វាគមន៍ដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន គឺជាបុគ្គលតែមួយរូបគត់ដែលត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោករៀបចំឱ្យលើក និងថើបពាននេះ។

វត្តមានពានបាល់ទាត់ពិភពលោកលើទឹកដីកម្ពុជានាពេលនេះ ស្ថិតក្រោមកម្មវិធី «ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក» ដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់ពិភពលោក ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមហ៊ុនកូកាកូឡា។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ «ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក» ត្រូវបានគេរៀបចំឡោះងមុនការប្រកួតកីឡាបាល់ទាត់ពិភពលោក។ សម្រាប់ឆ្នាំ២០២២ មុនឈានដល់ការប្រកួតបាល់ទាត់ពិភពលោកនៅទីក្រុងដូហា ប្រទេសកាតានោះ សហព័ន្ធបាល់ទាត់ពិភពលោក បានរៀបចំដង្ហែពាននេះ ដោយចាប់ផ្តើមចេញដំណើរពីប្រទេសអារ៉ាប់រួម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ហើយបានដង្ហែឆ្លងកាត់ ២០ប្រទេសរួចហើយ រួមមាន៖ ប្រទេស UAE,OMAN, Bahrain, Kuwait, Bosnia & Herzegovina, Montenegro, Kosovo, North Macedonia, Albania, Ethiopia, Kenya, South Africa, Tanzania, Lebanon, Uzbekistan, Pakistan, Bangladesh, Timor Leste, Samoa, និង America Samoa។ ដោយឡែកប្រទេសកម្ពុជា ដែលដង្ហែមកដល់ថ្ងៃនេះ គឺជាប្រទេសទី២១។

សហព័ន្ធបាល់ទាត់ពិភពលោក នឹងដង្ហែពាននេះទៅកាន់ប្រទេសចំនួន៣០ទៀត មុនពេលប្រកួតកីឡាបាល់ទាត់ពិភពលោកមកដល់គឺ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ តែគេមិនទាន់បង្ហាញប្រទេសដែលនឹងត្រូវដង្ហែទៅកាន់បន្តទៀតនោះឡើយ ដើម្បីការរក្សាសុវត្ថិភាពពាននេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើនដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។

សម្តេចតេជោ បានគូសរំលេចទៀតថា វត្តមានពានរង្វាន់បាល់ទាត់ពិភពលោកនៅកម្ពុជានាពេលនេះ ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ពាន់លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ៕