(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ មានរៀបចំពិធីប្រកាសសមាសភាព ផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រង និស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមអធិបតីភាពលោក សុខ ពុទ្ធិវុធ អនុប្រធានទី១ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាតំណាងលោកបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត។

លោក ឡាវ វ៉ាន់ ប្រធានផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលទើបទទួលបានសេចក្តីសម្រេច បានថ្លែងក្នុងរបាយការណ៍ ស្វាគមន៍ថា «យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិការថ្មី នៃក្រុមការងារ សូមបេ្តជ្ញាបន្តថែរក្សា ទស្សនវិស័យ និងបេសកម្មដ៏វែងឆ្ងាយរបស់ ឯកឧត្តមបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត ទៅលើវិសាលភាព នៃអាហារូបករណ៍របស់ សមាគម និយាយជារួម និងដោយឡែកចំពោះអាហារូបករណ៍របស់សម្តេចទាំងទ្វេ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលជាថ្នាលមួយដ៏សំខាន់សម្រាប់កសាងធនធានមនុស្ស ដើម្បីអនាគតរបស់ប្រទេសជាតិនៅថ្ងៃខាងមុខ»

លោកបានបន្តទៀតថា «ក្រុមការងារចំពោះកិច្ច និងបន្តបេសកម្មក្នុងការស្វែងរកអាហារូបករណ៍ពីដៃគូនានាបន្ថែមទៀត ជាពិសេសគឺការរិះរកមធ្យោបាយ ដើម្បីជំរុញឲ្យនិស្សិតរៀនបានចប់ចុងចប់ដើម ប្រកបដោយគុណភាព ដែលជាគោលបំណងរបស់ ឯកឧត្តមបណ្ឌិតប្រធាន ហើយជាគុណប្រយោជន៍សម្រាប់និស្សិត និងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ»

លោក សុខ ពុទ្ធិវុធ អនុប្រធានទី១ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា «គណៈកម្មាធិការអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា កាត់បន្ថយបន្ទុកគ្រួសារក្នុងការបង់ថ្លៃសិក្សា ជាពិសេសផ្តល់ឱកាសដល់សិស្ស និស្សិតក្រីក្រ មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាមួយគ្នានេះផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិនដែលទើបបង្កើតថ្មីនេះ ត្រូវបានបង្កើតឡើងដោយស្របពេលជាមួយការកើនឡើងនូវការសិក្សារបស់និស្សិតនៅក្រៅប្រទេស តាមរយៈសមាគម អ.ម.ត ក្នុងវត្ថុបំណងជួយសម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួល និងដំណោះស្រាយដល់និស្សិត ដែលបានកំពុងបន្តការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន»

ជាមួយគ្នានេះ លោកប្រធានគណៈអធិបតី បានផ្តាំផ្ញើដល់ប្អូនៗនិស្សិត ត្រូវធ្វើជាមនុស្សដែលមានចំណេះដឹង ហើយស្មោះត្រង់ទើបការងាររបស់យើងអាចដំណើរការដោយរលូនទទួលបានជោគជ័យ ឧទាហរណ៍ជាក់ស្តែងគឺថ្នាក់ដឹកនាំប្រទេស ក៏ដូចជាវីរជនរបស់យើង ដោយសារតែភាពស្មោះត្រង់ សាមគ្គីគ្នាជាធ្លុងមួយ ទើបអាចរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ហើយដឹកនាំប្រទេស ទទួលបានសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើបន្ថែមដល់ប្អូនៗសូមកុំមានអារម្មណ៍ថាឯកោ ប្រសិនបើមានបញ្ហាអីសូមទាក់ទងក្រុមការងារសម្របសម្រួលដើម្បីជួយដោះស្រាយបញ្ហា ព្រោះលោកបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត បានបង្កើតក្រុមការងារសម្របសម្រួលនេះដើម្បីជួយដល់ប្អូនៗ ប៉ុន្តែទន្ទឹមនឹងនោះប្អូនៗក៏ត្រូវខិតខំជួយដល់ខ្លួនឯងជាមុនសិនដែរ និងសូមបន្តរៀន ឲ្យបានចប់ចុងចប់ដើម។

សូមបញ្ជាក់ថា និស្សិតដែលបានសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២១ មាននិស្សិតទទួលបានអាហារូបករណ៍របស់សម្តេចទាំងទ្វេ សរុបចំនួន ២៥៦នាក់ ក្នុងនោះរួមមាន៖ ថ្នាក់បរិញ្ញាបត្រចំនួន ២០៥រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥០រូប និងថ្នាក់បណ្ឌិត ចំនួន ០១រូប៕