(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា គិលានុបដ្ឋាក គឺជាបេះដូងនៃការផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងអតិថិជន។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រារព្ធទិវាគិលានុបដ្ឋាកអន្តរជាតិឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «គិលានុបដ្ឋាករួមគ្នាធ្វើឲ្យប្រសើរឡើងនូវការថែទាំ និងការគោរពសិទ្ធិអតិថិជនដើម្បី ធានាបាននូវសុខភាពជាសកល»

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Nargiza KHODJAEVA, តំណាងអង្គការ WHO ប្រចាំកម្ពុជា លោក YANAGAWA Shinji, តំណាង JICA ប្រចាំកម្ពុជា លោកស្រី Lenna Neat Arango, នាយិកាស្តីទីនៃអង្គការ USAID ប្រចាំកម្ពុជា លោកស្រី Lisa Dolan Branton, ប្រធានអង្គការ FHI360 លោកវេជ្ជបណ្ឌិត នីវ៉ូត អ៊ុនតារាវិឈាន (Dr. Niwat INTARAWICHIAN) ប្រធានមន្ទីរ ពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងក្រុមការជាច្រើននាក់ផងដែរ។

លោក ម៉ម ប៊ុនហេង បានថ្លែងថា គិលានុបដ្ឋាក និងឆ្មប ជាអ្នកផ្តល់សេវាទាំងផ្លូវកាយ ផ្លូវចិត្ត សង្គម និងតាមជំនឿ សាសនា និងថែទាំតាមបែបបុគ្គលជាមជ្ឍមណ្ឌល (Person-centered care)។ ម៉្យាងវិញទៀត ពួកគេគឺជាសមាជិកក្នុងសហគមន៍ដែលពួកគេបម្រើការ យល់ពីវប្បធម៌នឹងកន្លែង និងអាចមាន ឥទ្ធិពលក្នុងការផ្លាស់ប្តូរឥរិយាបថ ស្របតាមក្រមសីលធម៌គិលានុបដ្ឋាក។

លោករដ្ឋមន្ត្រី បានបន្ដទៀតថា គិលានុបដ្ឋាក មានគោលបំណងតែមួយគត់ គឺការបម្រើផលប្រយោជន៍សាធារណៈឲ្យបានល្អបំផុតដែលអាចធ្វើទៅបាន។ តាមរយៈដំណើរការនៃការផ្ដល់អាជ្ញាបណ្ណដល់គិលានុបដ្ឋាកនូវ សិទ្ធិក្នុងការអនុវត្ត សិល្បៈ និងវិទ្យាសាស្ត្រនៃការថែទាំ ដើម្បីបំពេញជូនសាធារណជននូវសេវា ថែរក្សាដែលមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព។

លោកបានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងបន្តធ្វើឲ្យប្រសើរឡើងនូវសិទ្ធិដែលប្រជាពលរដ្ឋត្រូវទទួលបាននូវការថែទាំ និងព្យាបាលមានគុណភាព សុវត្ថិភាព និងមានសមធម៌។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំដែលមានការរាត្បាតដោយជំងឺកូវីដ-១៩ ពិតជាបានជួបប្រទះនូវការលំបាក ជាច្រើនទាំងនៅក្នុងប្រទេសកម្ពុជា និងសកលលោក។ បញ្ហាទាំងនោះមានដូចជា ការងារទទួល ខុសត្រូវថែទាំអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកម្រិតស្រាល និងកម្រិតធ្ងន់ ការចូលរួមចាក់ វ៉ាក់សាំងជំងឺកូវីដ-១៩ ព្រមទាំងការផ្តល់សេវាសារវន្តសំខាន់ៗដែលមិនមែនសេវាជំងឺកូវីដ-១៩ ក្នុង នោះដែរមានជួបប្រទះកង្វះគិលានុបដ្ឋាក-យិកា ដោយពួកគេមានវ័យចូលនិវត្តន៍ច្រើន។ កត្តាទាំងនេះ តម្រូវឲ្យប្រទេសនីមួយៗ ធ្វើការចំណាយបន្ថែមលើចំនួនគិលានុបដ្ឋាកនៅតាមមន្ទីរពេទ្យគ្រប់កម្រិត និងសាលាបណ្តុះបណ្តាលគិលានុបដ្ឋាក ដែលមានគុណវុឌ្ឍខ្ពស់ ដើម្បីបំពេញតម្រូវការសុខាភិបាល របស់ប្រជាពលរដ្ឋ និងសហគមន៍។

ឆ្លៀតក្នុងឱកាសនេះ លោក ម៉ុម ប៊ុនហេង ក៏បានស្នើឲ្យស្មារតីទិវាគិលានុបដ្ឋាកអន្តរជាតិឆ្នាំ២០២២នេះ ជាវប្បធម៌នៃការចូល រួមចំណែករបស់គិលានុបដ្ឋាកក្នុងគ្រប់កម្រិតប្រព័ន្ធសុខាភិបាល និងធ្វើឲ្យកាន់តែប្រសើឡើង ដើម្បីផ្តល់សេវាថែទាំដែលមានគុណភាព សុវត្ថិភាពនិងសមធម៌ដល់អតិថិជន ព្រមទាំងប្រកាន់ខ្ជាប់ នូវឥរិយាបទជាអ្នកប្រកបវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ខ្ពស់ និងមានសមត្ថភាព៕