(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយជាថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន Sovannaphum Investment Co.,Ltd ។ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន Sovannaphum Investment Co.,Ltd ដែលនាំយកថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ដែលបានចូលរួមបរិចា្ចគថវិកា សម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២នេះ ដើម្បីកាកបាទក្រហមកម្ពុជា បានយកទៅបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត។

លោកស្រីបានគូសបញ្ជាក់ថា សម្រាប់ជំនួយដែលបានមកពីសប្បុរសធម៌នានា គឺកាកបាទក្រហមកម្ពុជា បានយកទៅធ្វើជា អណ្តូងទឹក បន្ទប់ទឹក ស្ថានីយលាងដៃនៅតាមសាលារៀនទីជនបទ ធ្វើផ្ទះជូនអតីតយុទ្ឋជន ហើយថ្មីៗនេះកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភទៅដល់មន្ទីរពេទ្យគន្ឋបុប្ផាចំនួន ១លានដុល្លារអាមេរិក រួមទាំងបន្តនាំយកថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ទៅជូនមន្ទីពេទ្យកុមារអង្គរនាខេត្តសៀមរាប ព្រមទាំងអង្គការកុមាកំព្រានានា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមទាំងគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗទៀត។

នាកន្លងមក ក្រុមហ៊ុន Sovannaphum Investment Co.,Ltd តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភ ថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយ ឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនោះ តំណាងក្រុមហ៊ុនខាងលើនេះ បានថ្លែងពីក្តីសប្បាយរីករាយ និងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលផ្តល់ឱកាសឱ្យក្រុមហ៊ុន បានចូលរួមចែករំលែក និងបរិច្ចាគថវិកា ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត៕