(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេស ស្តីពី «គម្រោង អភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ (ជំហានទី៦)» ដែលគម្រោងនេះមាន រយៈពេល៥ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧។

ការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាង ក្រសួងយុត្តិធម៌កម្ពុជា និង JICA ស្តីពី គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និង យុត្តិធម៌ (ជំហានទី៦) បានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងយុត្តិធម៌។

សេចក្តីប្រកាសព័ត៌មានរួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បញ្ជាក់ថា JICA បានចាត់ទុកការពង្រឹងវិស័យច្បាប់ និងយុត្តិធម៌ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា ដែលប្រទេសជប៉ុនជួយគាំទ្រដល់ប្រទេសកម្ពុជា ហើយគម្រោងនេះ មានគោលបំណងដើម្បីពង្រឹងប្រព័ន្ធនៃការបណ្តុះបណ្តាល នៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ និងដើម្បីពង្រឹងនូវសមត្ថភាពរបស់ចៅក្រម និងអ្នកប្រកបវិជ្ជាជីវ:ច្បាប់ ក្នុងការបកស្រាយ និងអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ដទៃទៀតក្នុងវិស័យរដ្ឋប្បវេណីឱ្យបានកាន់តែល្អប្រសើរ។

តាមរយ:គម្រោងនេះ ប្រព័ន្ធនៃការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពនឹងត្រូវបានពង្រឹង ស្របតាមច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ហើយជាពិសេស គឺការផ្តោតលើការបណ្តុះ-បណ្តាលគ្រូបង្គោលផ្នែកច្បាប់រដ្ឋប្បវេណីដល់ចៅក្រម និងវិជ្ជាជីវ:ច្បាប់ នៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ។

JICA សង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងផ្តល់ផលល្អសម្រាប់វិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា៕