(ព្រះវិហារ)៖ ក្នុងទិសដៅចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបើកយុទ្ធនាការរយៈពេល៤៥ថ្ងៃ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងស្រុកឆែប ខេត្តព្រះវិហារ បានចំនួន២៤២០នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលថ្ងៃបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងស្រុកឆែប ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ ក្នុងនាមក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងស្រុកឆែប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ពិសេសលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបញ្ជូនក្រុមគ្រុពេទ្យស្ម័ក្រចិត្តមកបម្រើការងារសង្គម ពិសេសផ្តល់នូវរណាំងការពារកុំឱ្យបងប្អូនប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩។

លោក សុខ សាន្តតារ៉ា បានថ្លែងទៀតថា ទោះបីជំងឺកូវីដ-១៩ មានការថមថយក៏ពិតមែន អជ្ញាធរស្រុកនៅតែជំរុញដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» និងវិធានការរបស់ក្រសួងសុខាភិបាល ជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ដោយអនុវត្តន៍តាមការណែនាំពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អាជ្ញាធរស្រុកក៏បានចុះណែនាំដល់ពួកគាត់ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ពីការឆ្លងជំងឺកូវីដ-១៩ ដោយសារប្រទេសឡាវ នៅតែរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩៕