(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) បានមើលឃើញដូចគ្នាថា ការជំរុញឲ្យប្រជាពលរដ្ឋយល់ដឹងអំពីជំងឺដង្កាត់ផ្សេងៗ ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង នៅតែជាកត្តាសំខាន់ចាំបាច់សម្រាប់ការចូលរួមរបស់សហគមន៍។

នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម «ក.ជ.ថ.ស.ប» និងលោកស្រី លី អាយលែន តំណាង WHO នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២នេះ ក្នុងបិទកម្មវិធីសិក្ខាសាលាតម្រង់ទិសស្ដីពីការចូលរួមរបស់សហគមន៍ក្នុងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្ដាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ នៅខេត្ដកំពង់ធំ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តំណាងប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ប្រធានផ្នែកលើកកម្ពស់សុខភាពខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិ ប្រធានលើកកម្ពស់សុខភាពការិយាល័យស្រុកប្រតិបត្តិ និងក្រុមការងារឆ្លើយតបបន្ទាន់ (RRT)។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាគ្រប់គ្រងបាននូវការរាតត្បាតជំងឺកូវីដ-១៩ ដោយក្នុងរយៈពេលមួយខែកន្លងមក តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា មិនមានករណីឈឺ និងមិនមានករណីស្លាប់នោះឡើយ។ ផ្អែកលើបទពិសោធន៍នៃការគ្រប់គ្រង និងការឆ្លើយតបនឹងជំងឺកូវីដ-១៩ បានឲ្យឃើញថា ការចូលរួមរបស់បណ្តាញសហគមន៍ នៅក្នុងការអនុវត្តន៍វិធានការការពារការចម្លងជំងឺនានា គឺជាចំណុចសំខាន់ក្នុងការចូលរួមចំណែកសម្រេចបានជោគជ័យនូវកិច្ចការឆ្លើយតបទៅនឹងជំងឺកូវពីដ-១៩នេះ។

មកដល់ពេលនេះ ទោះបីគ្រប់គ្រងជំងឺកូវីដ-១៩ បានក្តី តែក៏មិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ-១៩ បាន១០០ភាគរយ នោះទេ គឺអាស្រ័យទៅលើការយល់ឃើញ និងឥរិយាបថរបស់ប្រជាជន ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជាការទៅទទួលការចាក់វ៉ាក់សាំង ការតាមដានឃ្លាំមើលស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗទៀត ក្នុងសហគមន៍រៀងៗខ្លួន និងការរាយការណ៍ដើម្បីឲ្យមានការឆ្លើយតបទាន់ពេលវេលា ការតាមដានស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗ មិនអាចធ្វើដោយមន្ត្រីសុខាភិបាលតែមួយទេ ការតាមដានតាមប្រភពចម្រុះ មានក្រុមទ្រទ្រង់សុខភាពភូមិ វត្តអារ៉ាម សាលារៀន និងប្រជាជនក្នុងភូមិ នឹងជួយឲ្យឆាប់ដឹងអំពីបញ្ហាសុខភាពនៅក្នុងភូមិបានលឿន និងរាយការណ៍បានរហ័សព្រមទាំងឆ្លើយតបបានទាន់ពេលវេលា។

បើតាមលោកស្រី ឱ វណ្ណឌីន ការផ្លាស់ប្តូរឥរិយាបថមិនមែនធ្វើឡើង តាមរយៈតែការបណ្ដុះបណ្ដាលទេ តែសកម្មភាពសំខាន់ និងចាំបាច់ គឺសកម្មភាពនៅនឹងសហគមន៍ ដែលតម្រូវឲ្យសហគមន៍យល់ពីសារៈប្រយោជន៍នៃការរក្សាសុខភាព តាមដានសុខភាពក្នុងគ្រួសារ និងក្នុងភូមិ ព្រមទាំងស្វែងរកព័ត៌មានត្រឹមត្រូវ។ សកម្មភាពក្នុងសហគមន៍ ដែលដឹកនាំដោយសហគមន៍ពិតជាមានសារៈសំខាន់ ដូចជាវេទិការ សហគមន៍អប់រំផ្សព្វផ្សាយការចុះតាមដានគាំទ្រ ដល់ក្រុមទ្រទ្រង់សុខភាពភូមិ តាមរយៈគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្ត្រីនិងកុមារ (គ.ក.ន.ក) ដើម្បីស្វែងរកអ្វីដែលជាបញ្ហា និងតម្រូវការរបស់សហគមន៍ ហើយកត្តាអ្វីខ្លះដែលប្រជាជនក្នុងគ្រួសារនទីមួយៗក្នុងភូមិទាំងមូលអាចធ្វើបានដើម្បីសុខភាព ជាពិសេសអាចជួយដល់ក្រុមងាយរងគ្រោះនៅក្នុងគ្រួសារ និងក្នុងភូមិបាន។

ជាមួយគ្នានេះ លោកស្រី លី អាយលែន បានមើលឃើញដែរថា ការពង្រឹងការចូលរួមរបស់សហគមន៍នៅក្នុងការថែទាំសុខភាពបឋម គឺជាវិធីមួយដ៏មានប្រសិទ្ធភាពដើម្បីបង្ការជំងឺផ្សេងៗនៅក្នុងសហគមន៍មូលដ្ឋាន។ តម្រូវការសម្រាប់ការថែទាំបឋ ត្រូវកាត់បន្ថយនៅពេលមានជំងឺកាន់តែតិចជាងមុន និងមានសុខភាពល្អប្រសើរឡើង។

លោកស្រីថា ការពង្រឹងការចូលរួមរបស់សហគមន៍ រួមបញ្ចូលទាំងការអនុវត្តតាមវិធានការការពារ និងបង្ការ ការកែលម្អការប្រាស្រ័យទាក់ទង ការសម្របសម្រួល និងការរាយការណ៍ប្រសើរឡើង រវាងអាជ្ញាធរសុខាភិបាល និងអ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកគ្រប់គ្រង។ ចំណេះដឹង និងទិន្នន័យ គួរតែត្រូវបានចែករំលែកដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់នៃសេវាថែទាំ ដែលផ្តោតទាំងលើបុគ្គល និងប្រជាជនទូទៅ អំពីសុខភាព។ មុខងារអង្កេតតាមដានជំងឺនៅកម្រិតថែទាំបឋម គួរតែត្រូវពង្រឹងបន្ថែម និងផ្សារភ្ជាប់ប្រកបដោយប្រសិទ្ធភាពជាងមុនជាមួយនឹងការអង្កេតតាមដានជំងឺនៅកម្រិតសុខភាពសាធារណៈ។

អង្គការសុខភាពពិភពលោក មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ដើម្បីពង្រឹង និងពង្រីកកិច្ចខិតខំប្រឹងប្រែងមានស្រាប់ដែលបាននិងកំពុងជំរុញឲ្យមានការចូលរួមរបស់សហគមន៍ ទាំងអស់គ្នា យើងមានគោលដៅអភិវឌ្ឍប្រព័ន្ធមួយជារបស់សហគមន៍ ដែលមាននិរន្តរភាព សម្រាប់ជំរុញការចូលរួម និងផ្តល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ដើម្បីរៀនសូត្រ សម្របខ្លួន និងអនុវត្តវិធានការការពារបានត្រឹមត្រូវឈានទៅទប់ស្កាត់កុំឲ្យមានការចម្លងជំងឺកូវីដ១៩ និងជំងឺផ្លូវដង្ហើមផ្សេងទៀត។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងសហការី ជាពិសេសអង្គការសុខភាពពិភពលោក ដែលបានសហការជាមួយក្រសួងសុខាភិបាល គាំទ្រទាំងបច្ចេកទេស និងថវិកាសម្រាប់ដំណើរការសិក្ខាសាលា ដ៏មានសារៈសំខាន់នេះ ដើម្បីជួយដល់ការងារថែទាំសុខភាពបឋមនាពេលបច្ចុប្បន្នកាន់តែមានភាពងាយស្រួល ច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធសម្រាប់និរន្តភាពនៃការអនុវត្តន៍ជំរុញ បង្កើនការថែទាំសុខភាពបឋមនាពេលអនាគត៕