(ភ្នំពេញ)៖ អតីតសិស្សនៃអនុវិទ្យាល័យ-វិទ្យាល័យតាំងក្រសាំង នឹងរៀបចំពិធីរំលឹកគុណគ្រូនៅវិទ្យាល័យតាំងក្រសាំង នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីសម្ដែងនូវការតបស្នងចំពោះគុណូបការៈរបស់អតីតគ្រូបង្រៀនទសវត្ស៨០ ដែលបានចែកឋានទៅ និងឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូដែលមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ។

តាមរយៈគំនិតផ្ដួចផ្ដើមនេះ អតីតសិស្សនៃអនុវិទ្យាល័យ-វិទ្យាល័យតាំងក្រសាំងបានរៃអង្គាសថវិកាដើម្បីជួបជុំគ្នារៀចំពិធីបុណ្យ និងអញ្ជើញលោកគ្រូអ្នកគ្រូ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត រាប់បាត្រប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន៤៣អង្គផងដែរ។

ការមូលមតិគ្នារៀបចំកម្មវិធីនេះឡើងគឺដើម្បីជាការតបស្នងសងគុណដល់លោកគ្រូអ្នកគ្រូ ដែលកន្លងពួកគាត់បានខិតខំ និងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត និងពេលវេលា បង្រៀនដល់សិស្សគ្រប់រូប ដោយមិនបានគិតពីការនឿយហត់ និងជីវភាពផ្ទាល់ខ្លួនដែលកំពុងខ្វះខាតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាទើបតែរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃ៧ មករា ១៩៧៩។ ក្នុងកាលៈទេសៈនេះ កាន់តែធ្វើឲ្យយើងមិនអាចបំភ្លេចបានឡើយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ និងចូលរួមការពារសន្តិភាពដែលមានរហូតមកដល់ពេលនេះ។ ម្យ៉ាងទៀត ដើម្បីរំលឹកដល់អនុស្សាវរីយ៍កាលនៅរៀនសាលានេះ និងរិតចំណងមិត្តភាព សាមគ្គីភាពរពីមួយជំនាន់ៗទៅមួយជំនាន់។

ការផ្សព្វផ្សាយនេះក៏ចាត់ទុកជាការអំពាវនាវដល់អតីតសិស្សនៃអនុវិទ្យាល័យ-វិទ្យាល័យតាំងក្រសាំងចូលរួមឲ្យបានច្រើនកុះករក្នុងពិធីដ៏មានអត្ថន័យនេះ នៅវិទ្យាល័យតាំងក្រសាំងកុំបីខាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ពេលរាត្រី៕