(ព្រះសីហនុ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិស ដៅការងារឆ្នាំសិក្សា២០២១-២០២២។

អង្គសន្និបាតបានប្រព្រឹត្តឡើងក្រោមវត្តមានលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ។

លោក គួច ចំរើន បានវាយតម្លៃចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តបានខិត ខំលះបង់យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីបំពេញតួនាទី ភារកិច្ចស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងបេសកម្មដឹកនាំគ្រប់គ្រង និងបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្ស ពិសេសក្មួយៗសិស្សានុសិស្សជាទំពាំងស្នងឬស្សីជាសរសរទ្រូងប្រទេសជាតិជាកម្លាំង ចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យើងត្រូវខិតខំកសាងធនធានមនុស្សរបស់យើងអោយបានប្រកបដោយគុណភាព សមត្ថភាពជំនាញ ក្រម សីលធម៌ និងការទទួលខុត្រូវ ដើម្បីឆ្លើយ តបទៅនឹងតម្រូវកាទីផ្សារការងារប្រកួតប្រជែងនាពេលបច្ចុប្បន្ន។

លោកបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាព សំដៅលើកកម្ពស់ចំណេះដឹងជំនាញ វិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការឆ្នៃប្រឌិត នវានុវត្តន៍ គុណធម៌ មនសិការសេហ្នាជាតិ និងស្មារតីទទួលខុសត្រូវ។

លោកអភិបាលខេត្តបានបញ្ជាក់ថា តាមរយៈសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរអប់រំ បានឆ្លុះបញ្ចាំងឱ្យឃើញការរីកចម្រើន និងស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈមចំណុចអសកម្មត្រូវកែលម្អឡើងវិញ ស្របតាមកំណែទម្រង់វិស័យអប់រំឈានឆ្ពោះទៅមុខប្រកបដោយជោគជ័យ។

លោកបានសំណូមពរដល់លោកគ្រូ អ្នកគ្រូខិតខំបំពេញការងារឱ្យបានខ្ជាប់ខ្ជួនប្រកប ដោយភាពថ្លៃថ្នូរ ប្រកាន់ភ្ជាប់នូវមនសិការវិជ្ជាជីវៈ មានឧត្តមគតិខ្ពស់ ជាកម្លាំងចលករថ្មី កែច្នៃវិស័យអប់រំឱ្យមានសន្ទុះទាំងបរិមាណ និងគុណភាព។

ប្រធានមន្ទីរអប់រំយុវជននិងកីឡា លោកស្រី អ៊ុច សោភា បញ្ជាក់ថា ព្រះសីហនុ ខេត្តព្រះសីហនុ មាន មត្តេយសិក្សា១ បឋមសិក្សា៧២ និងមធ្យមសិក្សា២៧ (អនុវិទ្យាល័យ១៨ និងវិទ្យាល័យ៩) មានសិស្សសរុប ៤២,៩៨១នាក់ ស្រី២១,៤១១នាក់។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនចុះឈ្មោះប្រឡង ១,៣៥២នាក់ ស្រី៧១០ នាក់ ជាប់ជាស្ថាពរ ១,០២៣នាក់ ស្រី៥៦២នាក់ ស្មើនឹង ៧៥.៦៧%។ទទួលបាននិទ្ទេស A ២០នាក់ ស្រី៩នាក់ និទ្ទេស B ៦៧នាក់ និទ្ទេស C ១៧០នាក់៕