(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម៨៦ យាងចូល៨៧ព្រះវស្សា។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

សេចក្ដីណែនាំ បានឲ្យដឹងថា ក្នុងគោលបំណងចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម៨៦ យាងចូល៨៧ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៤ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ និងដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋានអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួង និងរដ្ឋបាលរាជធានី ខេត្ត ដូចខាងក្រោម៖

១៖ ទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពក្រៅទីស្តីការក្រសួងមហាផ្ទៃ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយមានតុបតែងលម្អ ដោយភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកអបអរសាទរ។

២៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយមានតុបតែងលម្អដោយភ្លើងពណ៌លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំមន្ទីរ អង្គភាព ខណ្ឌ ស្រុក ក្រុង ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា សាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងប្រជារាស្ត្រ ឲ្យលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យបានគ្រប់អង្គភាព និងគ្រប់គេហដ្ឋាន។

៣៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកមានជំងឺកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យបង្អែក ដោយត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន គឺត្រូវពាក់ម៉ាស់ ធ្វើការវ៉ាស់កម្ដៅ លាងដៃជាមួយសាប៊ូ ឬអាល់កុល ដែល និងរក្សាគម្លាតសុវត្ថិភាព។

៤៖ ត្រូវបង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្តគោលដៅ ប្រារព្ធពិធីបុណ្យ និងគោលដៅកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដូចជា៖ ទីវត្តអារាម ប្រាង្គប្រាសាទបូជនីយដ្ឋាន រមណីយដ្ឋាន គោលដៅទេសចរណ៍នានា ដើម្បីរក្សានូវសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ និងរៀបចំចាត់ចែងអុជកាំជ្រួច នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអបអរសាទរ ទិវាដ៏ឧត្តុង្គឧត្តមនេះ។

៥៖ ពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ នៅតាមបណ្តាវត្តអារាម ទីប្រជុំជន ទីសាធារណៈនានា។

៦៖ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេល នូវរាល់សកម្មភាពដែលនាំឱ្យគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នឹងនាំឱ្យជះឥទ្ធិពលមិនល្អដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិដូចជា៖ សកម្មភាពក្មេងទំនើង អំពើហិង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះគ្រាប់រំសេវ និងល្បែងស៊ីសងគ្រប់ប្រភេទ។

៧៖ ជំរុញរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងមានផែនការជាមុនក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមបណ្តាផ្លូវជាតិ ទីប្រជុំជន ដូចជាគោលដៅផ្សេងៗ ដែលមានមនុស្សប្រមូលផ្តុំ ដើម្បីរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ កាត់បន្ថយបាននូវការកកស្ទះ និងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។

៨៖ ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ឲ្យមានស្មារតីប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យគ្រោះមហន្តរាយនានា ដោយរៀបចំកម្លាំង និងមធ្យោបាយត្រៀមបម្រុងប្រចាំការ ២៤/២៤ម៉ោង ដើម្បីសហការជួយសង្គ្រោះ ពេលមានអគ្គិភ័យ និងគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ។

៩៖ ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍ ពេលមានហេតុការណ៍ចៃដន្យកើតឡើង និងត្រូវសហការជាមួយបណ្តាញព័ត៌មានសំខាន់ៗ ដើម្បីផ្ដល់ព័ត៌មានទាន់ពេលវេលា ដូចជាការកកស្ទះចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋបានដឹងជាមុន ដើម្បីបង្វែរទិសចរាចរណ៍។ ជាមួយគ្នានេះត្រូវរៀបចំមន្ត្រីក្រោមឱវាទ ឱ្យមានការផ្លាស់ប្ដូរវេនប្រចាំការ៕