(ឥណ្ឌា)៖ ខណៈមានវត្តមាននៅក្រុងញូដេលី ប្រទេសឥណ្ឌា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនាទីក្រុងញូវដេល្លីលើកទី១២ (Delhi Dialogue XII)។

កិច្ចសន្ទនាទីក្រុងញូវដេល្លីលើកទី១២ (Delhi Dialogue XII) ត្រូវបានធ្វើលើង ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សហការរៀបចំជាមួយក្រសួងការបរទេសឥណ្ឌា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ ដំណើរនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត ចៃហ្សានកា (S. Jaishankar) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។

អំឡុងពេលស្នាក់នៅទីក្រុងញូវដេលី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត និងអគ្គលេខាធិការអាស៊ាន ក៏បានចូលជួបសម្ដែងការគួរសមចំពោះ លោក Narendra Modi នាយករដ្ឋមន្រ្ដីឥណ្ឌាផងដែរ៕