(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះអះអាងថា អត្រាមរណភាពមាតា ទារក និងកុមារ នៅក្នុងប្រទេសកម្ពុជា បន្ដធ្លាក់ចុះគួរឲ្យកត់សម្គាល់។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានឲ្យដឹងថា យោងតាមលទ្ធផលបឋម នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ២០២១-២០២២ ប្រៀបធៀបនឹងលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ២០១៤ អត្រាមរណភាពមាតា ទារក និងកុមារ បានបន្តធ្លាក់ចុះថែមទៀត រវាងឆ្នាំ២០១៤ និង ឆ្នាំ២០២១-២០២២។ ក្នុងនោះរួមមាន៖

* អត្រាមរណភាពមាតា បានថយចុះពី១៧០ នៅឆ្នាំ២០១៤ មកនៅ១៥៤ ក្នុងទារកកើតរស់ ១០០,០០០នាក់ នៅឆ្នាំ២០២១-២០២២

* អត្រាមរណភាពទារក បានថយចុះពី១៨ នៅឆ្នាំ២០១៤ មកនៅ៨ ក្នុងទារកកើតរស់ ១,០០០នាក់ នៅឆ្នាំ២០២១-២០២២

* អត្រាមរណភាពកុមារអាយុក្រោម១ឆ្នាំ បានថយចុះពី២៨ នៅឆ្នាំ២០១៤ មកនៅ១២ ក្នុងទារកកើតរស់ ១,០០០នាក់ នៅឆ្នាំ២០២១-២០២២

* អត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ បានថយចុះពី៣៥ នៅឆ្នាំ២០១៤ មកនៅ១៦ ក្នុងទារកកើតរស់១,០០០នាក់ នៅឆ្នាំ២០២១-២០២២ ៕