(ភ្នំពេញ)៖ លោក នួន ផារ័ត្ន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលជាអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា។

លោក នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏ចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

លោក ហ៊ុត កុសល តំណាងឲ្យសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា បានឲ្យដឹងថា ថ្ងៃនេះ ក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយទទួលបាន ការអនុញ្ញាតលោក ហ៊ុន ម៉ាណែត និងលោកស្រី នាំយកនូវអំណោយរួមមាន៖ អង្ករ៥តោន, មី២៥០កេស, ត្រីខ២៥០យួរ, Covid-19 Test Kits ១,៥០០ និងថវិកា១០លានរៀល ប្រគល់ជូនលោកប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងនាមតំណាងឲ្យសប្បុរសជន មកពីមូលនិធិដាយមិនស៍កម្ពុជា លោក ហ៊ុត កុសល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក នួន ផារ័ត្ន ប្រធានយុវជនគណបក្ស រាជធានីភ្នំពេញ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក ធ្វើឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕