(បន្ទាយមានជ័យ)៖ លោក មុំ ប៉ុណ្ណា បេក្ខជនជាប់ឆ្នោតជាចៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញវីដេអូមកបញ្ជាក់ជូនពីហេតុផលចម្បងដែលនាំឲ្យ លោកសុំលាលែងពីតំណែងរបស់ខ្លួននោះគឺបញ្ហាសុខភាព ដែលកំពុងកើតមាន ទើបធ្វើឲ្យលោកមិនអាចនៅបន្តការងារដើម្បីបម្រើជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលបានតទៅទៀត។

ការចេញវីដេអូនេះ ក៏ដោយសារកាលពីពេលថ្មីៗ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា លោក មុំ ប៉ុណ្ណា បានលាលែងពីតំណែងទើបជាប់ឆ្នោតថ្មីនេះ ក៏ដោយសារមានការបង្ខិតបង្ខំលើរូបលោក ហើយតែងតាំងបេក្ខជនលេខរៀងទី២ គឺលោកស្រី ឆាត សុជា មកជំនួសវិញ ដែលធ្វើឲ្យមានការយល់ច្រឡំពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅខេត្តបន្ទាយមានជ័យ ជាពិសេសនៅក្រុងសិរីសោភ័ណតែម្តង។

តាមរយៈវីដេអូរបស់ខ្លួន, លោក មុំ ប៉ុណ្ណា បានស្នើសុំលាលែងតំណែងចៅសង្កាត់អាណត្តិទី៥ ដោយសារហេតុផលសុខភាព។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «គ្មាននរណា ឬអង្គភាពណាបង្ខិតបង្ខំខ្ញុំទេ តែរូបខ្ញុំទៅវិញទេដែលស្នើសុំក្តី អនុគ្រោះពីបក្ស ពីរដ្ឋ ពីពលរដ្ឋដើម្បីលាឈប់មុនតំណែងចៅសង្កាត់ថ្មីត្រូវប្រកាសនាពេលដ៏ខ្លីខាងមុខ។ ត្បតិសុខភាពខ្ញុំ មានការលំបាក មិនអាចទ្រោលបម្រើការងារ បម្រើសេវាពលរដ្ឋឲ្យពេញបន្ទុកជូនបាន...»

ជាមួយនឹងការប្រកាសលាឈប់ពីតំណែងនេះ លោក មុំ ប៉ុណ្ណា ក៏បានបញ្ជាក់ផងដែរថា កូនៗរបស់លោកទាំង៧នាក់ ក៏យល់ព្រមតាមការចង់បានរបស់លោកផងដែរ ដើម្បីទុកវេលាដើរលេង និងព្យាបាលសុខភាពឲ្យកាន់តែប្រសើរ ឡើងវិញ ដូច្នេះមិនមានហេតុផលអ្វីក្រៅនោះឡើយ៕

សូមស្តាប់ការបញ្ជាក់របស់លោក មុំ ប៉ុណ្ណា៖