(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦យាងចូល៨៧ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្នុងសារលិខិតថ្វាយព្រះពរ សម្តេចវិបុលសេនាភក្តី បានលើកឡើងថា៖ ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃព្រឹទ្ធសភា ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់សម្តែងអំណរសាទរ និងសូមគោរពថ្វាយនូវព្រះរាជសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជា សម្ដេចព្រះមហាក្យត្រី ព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា ដរាបតរៀងទៅ។

សម្តេចបានបន្តថា៖ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ដែលកន្លងមកទ្រង់បានលះបង់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណ ចំពោះព្រះរាជកិច្ច ដ៏មហាប្រពៃថ្លៃថ្លារបស់ទ្រង់ ដែលតែងតែយកព្រះរាជហឫទ័យទុកដាក់ អំពីសុខុមាលភាពរបស់ប្រជារាស្ត្រព្រមទាំង បានបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ប្រកបដោយគុណធម៌ ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ និងសាសនា ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។ ព្រះអង្គតែងបានប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ក្នុងបុព្វហេតុមនុស្សធម៌ដោយព្រះអង្គទ្រង់បានជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជនចាស់ជរាគ្មានទីពឹង ក្មេងកំព្រា និងជនពិការ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព ជូនប្រជារាស្ត្រទូទៅ។

ក្នុងវរោកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ បួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រៃ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សា ការពារ និងប្រោះព្រំ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ព្រមទាំង ព្រះរាជវង្សានុវង្ស សូមទ្រង់បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖