(កណ្តាល)៖ ដោយសារតែមានការចេញមកបកស្រាយ ជាបន្តបន្ទាប់របស់ មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦០៥ និងមេបញ្ជាការប៉ុស្តិ៍នគរបាលការពារបាក់ណាម ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនប្រទេសវៀតណាម ថា គ្មាននោះទេ ល្បែងជល់មាន់នៅក្នុងដីរបស់វរៈ និងដីប៉ុស្តិ៍របស់ខ្លួន ផ្ទុយពីអ្វីដែលអង្គភាព Fresh News បានផ្សាយកន្លងមកតាមរយៈប្រភពព័ត៌មាន ដែលទទួលបាន។

ដើម្បីចង់ បញ្ជាក់កាន់តែច្បាស់ និងកុំឲ្យមានការភ័ន្តច្រឡំពីសំណាក់ថ្នាក់ដឹកនាំ និងមហាជននោះ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ អ្នកយកព័ត៌មានរបស់អង្គភាព Fresh News បានធ្វើដំណើរទៅដល់តំបន់នោះ ក្នុងគោលបំណងសួរនាំ និងពិនិត្យមើលជាក់ស្តែងថា តើល្បែងបញ្ជល់មាន់នោះ ស្ថិតនៅទីណាពិតប្រាកដ ហើយលេងនោះមានច្បាប់ ឬគ្មានច្បាប់។

តាមរយៈការសួរនាំប្រភពជាច្រើន មានទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ និងអ្នកចូលលេងល្បែងបញ្ជល់មាន់ផ្ទាល់នោះ ទើបដឹងថា តាមពិតការបើកសង្វៀនជល់មាន់ គឺមិនស្ថិតនៅក្នុងបរិវេណដី ប៉ុស្តិ៍នគរបាលការពារបាក់ណាមនោះទេ ពោលនៅក្នុងដីកាស៊ីណូដែលជាប់របងជាមួយគ្នា។

តាមពិតទៅ ដីរបស់កាស៊ីណូនោះ គឺជាដីរបស់ប៉ុស្តិ៍នគរបាលការពារបាក់ណាម នៃវរៈ៦០៥ គ្រាន់តែធ្វើរបងដើម្បីខ័ណ្ឌចែក មួយជាទីតាំងកាស៊ីណូ និងមួយទៀតជាដីរបស់ប៉ុស្តិ៍បាក់ណាម ប៉ុន្តែអង្គភាព Fresh News មិនទាន់បានទទួលប្រភពណាមួយថា តើដីនៅក្នុងកាស៊ីណូនោះ មេវរៈជួលឲ្យ ឬគ្រាន់តែខ័ណ្ឌចែកដើម្បីបំភ័ន្តភ្នែកថា្នក់លើ គោលបំណងប្រើរូបភាព ជាដីកាស៊ីណូងាយស្រួល បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជា ជល់មាន់ តុ បៀរ តៃស៊ីវ អាប៉ោងនោះ? ប៉ុន្តែរឿងធំមួយទៀតនោះ គឺកាស៊ីណូ ដែលថ្នាក់ដឹកនាំប៉ុស្តិ៍នគរបាលការពារបាក់ណាម ក៏ដូចជាមេវរៈ ចង់និយាយសំដៅ ត្រូវបានសមត្ថកិច្ចជាន់ខ្ពស់ខេត្តកណ្តាល លួចទម្លាយថា គ្មានច្បាប់ទម្លាប់ពីក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរពាក់ព័ន្ធនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៤កន្លងទៅ លោក លុយ ធៀម មេបញ្ជាការវរៈ៦០៥ បានរត់ការសុំច្បាប់ពីអតីតអភិបាលខេត្តកណ្តាល លោក ផៃ ប៊ុនឈឿន តែលោកមិនយល់ព្រម ទើបចេះតែពន្យាពេលរហូតមកដល់ថ្ងៃនេះ ហើយលួចបើក ជាកាស៊ីណូ តែគ្មានលើកស្លាកត្រឹមត្រូវនោះទេ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញអាចចុះទៅមើល និងស្រាវជ្រាវឡើងវិញថាតើ កាស៊ីណូដែលមានល្បែងស៊ីសងគ្រប់ប្រភេទនេះ មានច្បាប់ទម្លាប់ឬមួយយ៉ាងណា?

បើតាមសមត្ថកិច្ចនៅច្រកជ្រៃធំ ខេត្តកណ្តាល បានឲ្យដឹងថា កាស៊ីណូដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺមានតែ២ប៉ុណ្ណោះ ទី១ កាស៊ីណូ ក្រោដ (Crown) របស់លោកឧកញ៉ា កុក អាន និងមួយទៀតកាស៊ីណូ Grand Dragon ដូច្នេះកាស៊ីណូ នៅជាប់ប៉ុស្តិ៍នគរបាលការពារបាក់ណាម មិនមានច្បាប់នោះឡើយ។

ជាមួយគ្នានេះ បើសិនជាកាស៊ីណូ នៅជាប់ប៉ុស្តិ៍នគរបាលការពារបាក់ណាម មានច្បាប់មែន ចុះហេតុអ្វីមេវរៈ និងសមត្ថកិច្ចគ្រប់គ្រងនៅតំបន់នោះ អនុញ្ញាតឲ្យប្រជាជនខ្មែរ ចូលលេដូចហែរកឋិនយ៉ាងដូច្នេះ។ ប្រជាពលរដ្ឋរស់នៅ ស្រុកកោះធំ បាននាំគ្នាទៅលេងមួយថ្ងៃៗរាប់សិបនាក់ ជាមួយជនជាតិវៀតណាមដោយពេលលេងម្តងៗត្រូវដាក់លុយខ្ទង់ម៉ឺនដុល្លារ។

សម្រាប់ព័ត៌មានខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមថា នាយឧត្តមសេនីយ៍ នេត សាវឿន នឹងបញ្ជូនកម្លាំងសមត្ថកិច្ចជំនាញចុះទៅស្រាវជ្រាវ ជាក់ស្តែងតែម្តងទើបដឹងរឿងពិត។ សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងល្បែងជល់មាន់ និងបៀរ អាប៉ោងនោះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់កូនប្រុសសំណព្វចិត្តលោក លុយ ធៀម តែម្តង គឺមានឈ្មោះ អាធុយ៕