(ភ្នំពេញ)៖ ប្រទេសកម្ពុជាជានីតិរដ្ឋ បានអនុញ្ញាតឱ្យមានច្បាប់ស្តីពីការងារដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់ឱ្យហត្ថពលកម្មបរទេស ដែលមានបំណងចង់ចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា។

ជាគោលការណ៍គឺត្រូវតម្រូវឱ្យជននោះទៅបំពេញបែបបទស្នើសុំ បណ្ណការងារ និងសៀវភៅការងារជនបរទេស តាមលក្ខខណ្ឌដែលច្បាប់តម្រូវ ក្នុងគោលបំណងដើម្បីគ្រប់គ្រងនូវកម្លាំងពលកម្មបរទេស ដែលចូលមកប្រកបការងារស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ពិសេសគឺគ្រប់គ្រងចំនួនអតិបរមានៃជនបរទេស ដែលត្រូវបានអនុញ្ញាតឱ្យបម្រើការងារនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសនីមួយៗ ដោយជៀសវាងការធ្វើអន្តោប្រវេសន៍ចូលធ្វើការដោយខុសច្បាប់ ។ លើសពីនេះមិនឱ្យលើសពី ១០% (ដបភាគរយ) នៃចំនួនកម្មករនិយោជិតជនជាតិខ្មែរសរុបនៅក្នុងក្រុមហ៊ុន ឬ រោងចក្រ ឬសហគ្រាសនោះទេ ។

តើអ្វីទៅជា បណ្ណការងារ និងសៀវភៅការងារជនបរទេស? ហេតុអ្វីទើបតម្រូវឱ្យជនបរទេសមានបណ្ណការងារ និងសៀវភៅការងារនេះ?

សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បណ្ណការងារ និងសៀវភៅការងារជនបរទេស» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ។

បណ្ណការងារ និងសៀវភៅការងារជនបរទេស ធ្វើឡើងចំពោះកម្មករនិយោជិតដែលចូលមកបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបណ្ណការងារ និងសៀវភៅការងារនេះ បង្កើតឡើងក្នុងគោលបំណងសម្រាប់សម្គាល់អត្តសញ្ញាណ និងប្រភេទមុខរបរដែលបានកំណត់អនុញ្ញាតឱ្យបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

យោងតាមស្មារតីនៃមាត្រា ២៦១ នៃច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា គ្មានជនបរទេសណាម្នាក់ អាចប្រកបមុខរបរណាមួយ ដោយគ្មានបណ្ណការងារ និងសៀវភៅការងារ ដែលចេញឱ្យដោយក្រសួងទទួលបន្ទុកវិស័យការងារនោះទេ ។

ដើម្បីទទួលបានបណ្ណការងារ និងសៀវភៅការងារ សាមីខ្លួនត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

ក. និយោជក ត្រូវមានជាមុននូវបណ្ណការងារត្រឹមត្រូវ ដើម្បីប្រកបមុខរបរ របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

ខ. ជនបរទេសនោះ ត្រូវបានចូលមកព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមផ្លូវច្បាប់ ។

គ. ជនបរទេសនោះ ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ ។

ឃ. ជនបរទេសនោះ ត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ ។

ង. ជនបទេសនោះ ត្រូវមានកាយសម្បទាសមស្របនឹងមុខរបរនោះ ហើយគ្មានកើតជម្ងឺឆ្លងណាមួយទេ ។ លក្ខខណ្ណនេះត្រូវបានកំណត់ដោយប្រកាសក្រសួងសុខាភិបាល ដោយមានការឯកភាព ពីក្រសួងទទួលបន្ទុកវិស័យការងារ ។

ចំពោះបណ្ណការងារ និងសៀវភៅការងារជនបរទេសគឺ មានសុពលភាព ០១ (មួយ) ឆ្នាំ ហើយអាចពន្យារពេលក្នុងករណីដែលសុពលភាពនៃការពន្យារពេលនេះ មិនលើសពីរយៈពេលកំណត់នៃប័ណ្ណស្នាក់នៅរបស់ជននោះ ។

ដោយឡែក ចំពោះស្ថាប័នដែលមានតួនាទីក្នុងការផ្ដល់បណ្ណការងារ និងសៀវភៅការងារជូនចំពោះកម្មករ និយោជិតជនបរទេស ដែលចូលមកប្រកបរបរការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺ ក្រសួង/មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមសេចក្ដីស្នើសុំរបស់កម្មករនិយោជិត ឬម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ប៉ុន្តែមុននឹងឈានទៅធ្វើបណ្ណការងារ និងសៀវភៅការងារបាន តម្រូវឱ្យសាមីខ្លួនទៅពិនិត្យកាយសម្បទានៅពេទ្យការងារជាមុនសិន ឬស្នើសុំឱ្យមានការចុះទៅពិនិត្យដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសក៏បានដែរ ។

បន្ទាប់មកពេទ្យការងារនឹងចេញវិញ្ញាបនបត្រពិនិត្យកាយសម្បទាឱ្យ ដើម្បីយកទៅប្រើប្រាស់ ពីព្រោះថា នៅពេលស្នើសុំបណ្ណការងារ និងសៀវភៅការងារត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រពិនិត្យកាយសម្បទានេះ ជាមួយនឹងឯកសារភ្ជាប់ផ្សេងទៀតមានដូចខាងក្រោម៖

* ពាក្យស្នើសុំបណ្ណ និងសៀវភៅការងារ
* សេចក្ដីបញ្ជាក់ចំនួនកម្មករនិយោជិតខ្មែរ និងជនបរទេសបច្ចុប្បន្ន (Quota ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស)
* កិច្ចសន្យាការងារជនបរទេស
* វិញ្ញាបនបត្រពិនិត្យកាយសម្បទា
* រូបថត ៣ x ៤ ចំនួន ៥សន្លឹក
* លិខិតឆ្លងដែនដែលមានសុពលភាព។

ចំពោះការស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស តម្រូវឱ្យបង់សេវាសាធារណៈ តាមប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញដោយក្រសួងសេដ្ឋកិច្ច ។ បន្ថែមពីនេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ www. fwcms.mlvt.gov.kh ហើយប្រព័ន្ធនេះបានចាប់ដំណើរការតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ។

មានន័យថា ការស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស អាចស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ដោយត្រូវបំពេញនូវរាល់ព័ត៌មានតម្រូវទាំងអស់ និងអនុវត្តតាមលក្ខខណ្ឌមួយៗ ដែលមានកំណត់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ។

បន្ទាប់ពីបានស្នើសុំរួចរាល់ហើយ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសត្រូវរង់ចាំចំនួន ២០ (ម្ភៃ) ថ្ងៃ ក្រោយពីបានស្នើសុំរួចរាល់ ហើយនៅពេលដែលបណ្ណការងារ និងសៀវភៅការងារធ្វើរួចរាល់ អ្នកដាក់ពាក្យស្នើសុំអាចទៅយកបណ្ណការងារនិងសៀវភៅការងារនោះនៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ដោយឡែក សម្រាប់រោងចក្រ សហគ្រាស នៅតាមបណ្ដាខេត្ត អាចយកនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងខេត្តនោះបាន ។ ផ្ទុយទៅវិញ ក្នុងករណីក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ដែលបានជួលកម្មករនិយោជិតបរទេស ដោយពុំមានបណ្ណការងារ និងសៀវភៅការងារ នោះក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលពិន័យស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។

សរុបមក បណ្ណការងារ និងសៀវភៅការងារជនបរទេស បង្កើតឡើងក្នុងគោលបំណងសម្រាប់សំគាល់អត្តសញ្ញាណសាមីខ្លួន ជាពិសេសដើម្បីគ្រប់គ្រងឱ្យបាននូវកម្លាំងពលកម្មបរទេស ដែលប្រកបការងារនៅក្នុងប្រទេសកម្ពុជា ជៀសវាងការធ្វើអន្តោប្រវេសន៍ចូលមកធ្វើការដោយខុសច្បាប់ ។ ហើយបច្ចុប្បន្ននេះ ដើម្បីផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ពុំចាំបាច់ទៅស្នើសុំផ្ទាល់នៅក្រសួង ឬមន្ទីរការងារនោះទេ គឺក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ អាចស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានគេហទំព័រ www.fwcms.mlvt.gov.kh បានយ៉ាងងាយស្រួល និងឆាប់រហ័ស ៕

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោកស្រី យ៉េ នីតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group