(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធី បុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៩ ដើម្បីរកមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាព កុមារ-ទារក ប្រមាណ ៤០០-៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។

ក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេសការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានបញ្ជាក់ថា «ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះ ការរួមចំណែកជួយព្យាបាលកុមារកម្ពុជារាប់ម៉ឺននាក់ តាមរយៈការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នូវថវិកា ១លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។ ដោយឡែកសម្រាប់ មន្ទីរពេទ្យកុមារអង្គរ គឺជាការឧបត្ថម្ភជាលើកទី៤ ពីកាកបាទក្រហមកម្ពុជា គិតចាប់តាំងពីឆ្នាំ២០១៩រៀងមក»

ជាកិច្ចឆ្លើយតប លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ តំណាងឱ្យថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាគ្រួសារប្រជាពលរដ្ឋ ដែលទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរឧបត្ថម្ភ ជាបន្តបន្ទាប់ និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ដែលនេះជាការលើកទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារនៅកម្ពុជា។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ជាលើកទី៤នេះ រួមមាន៖ ថវិកា៥ម៉ឺនដុល្លារ, អង្ករ១តោន, មី២០កេស, ត្រីខ២០០កំប៉ុង, ម៉ាស់៤កេស (ស្មើនឹង១៤,០០០ម៉ាស់) និងជែលលាងដៃ ចំនួន២០កេស (ស្មើនឹង២៤០ដប)៕