(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភា ដែលបានសរសេរលិខិតប្ដឹងទៅ សម្តេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភាថា មានក្រុមប្រដាប់អាវុធឃាត់ខ្លួន និងរថយន្តរបស់លោកនៅខេត្តឧត្តមានជ័យ អស់រយៈពេល១ម៉ោងកន្លះនោះត្រូវបានលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ ចេញមុខធ្វើការបកស្រាយថា កម្លាំងសមត្ថកិច្ចដែល ដាក់គោលដៅត្រួតពិនិត្យ និងរិតបន្តឹងច្បាប់ចរាចរ នៅតាមដងផ្លូវជាតិក្នុងក្រុងសំរោង ខេត្តឧត្តមានជ័យ មិនបានឃាត់ខ្លួនលោក សោ ចាន់ដេត ដូចការចោទប្រកាន់

នោះទេ គឺកម្លាំងនគរបាលចរាចរណ៍ ឃាត់ត្រួតពិនិត្យតែរថយន្តរបស់លោកតែប៉ុណ្ណោះថា តើមានឯកសារគ្រប់គ្រាន់តាមច្បាប់ដែលឬអត់? ហើយចំណាត់ការនេះមិនមែនធ្វើតែទៅលើរថយន្ត របស់លោកមួយនោះទេ គឺធ្វើទៅលើរថយន្តទូទៅ។

ឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានអះអាងថា នគរបាលចរាចរណ៍មានសិទ្ធិពេញលេញ ក្នុងត្រួតពិនិត្យមើលគ្រប់មធ្យោបាយ ធ្វើដំណើរទាំងឡាយណាដែលល្មើសច្បាប់។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនោះបានលើកឡើងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ កម្លាំងចំរុះរបស់នគរបាលចរាចរ បានដាក់គោលដៅ ត្រួតពិនិត្យ និងពង្រឹងច្បាប់ចរាចរផ្លូវគោកថ្មី នៅលើដងផ្លូវដូចរាល់ដង ហើយនៅវេលាម៉ោង១០ព្រឹក បានឃាត់ត្រួតពិនិត្យ រថយន្តម៉ាកមែកសឺដេស ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ព្រឹទ្ធសភា៣ 2-055 ដើម្បីពិនិត្យមើលឯកសារផ្លូវច្បាប់ថា តើមានគ្រប់គ្រាន់ដែលឬអត់?

ខណៈសុំមើលឯកសារនោះ អ្នកបើកបរមិនមានឯកសារណាមួយបញ្ជាក់ថា ស្លាកលេខរថយន្តនេះពិតជាស្លាកលេខព្រឹទ្ធសភា ដែលចេញដោយស្ថាប័នព្រឹទ្ធសភាត្រឹមត្រូវនោះឡើយ គឺគ្រាន់តែម្ចាស់បង្ហាញលិខិតបញ្ជាក់ថា គាត់ជាសមាជិកព្រឹទ្ធសភាតែប៉ុណ្ណោះ។

សមត្ថកិច្ចចរាចរមិនមានភារកិច្ចត្រួតពិនិត្យអត្តសញ្ញាណបណ្ណ ឬលិខិតបញ្ជាក់របស់មនុស្សនោះឡើយ គឺមានភារកិច្ចត្រួតពិនិត្យ លិខិតស្នាមឯកសារពាក់ព័ន្ធនឹងមធ្យោបាយធ្វើដំណើរប៉ុណ្ណោះ។

ក្រៅពីគ្មានឯកសារបញ្ជាក់អត្តសញ្ញាណរថយន្ត មានត្រឹមតែស្លាកលេខព្រឹទ្ធសភាពាក់នៅលើរថយន្តនោះ សមត្ថកិច្ចរបស់ លោកថែមទាំងរកឃើញ ស្លាកលេខរថយន្តភ្នំពេញ 2-Q0997 ដែលជាស្លាកលេខសំរាប់បំពាក់នៅលើរថយន្ត មីតស៊ូប៊ីស៊ីម៉ុងតេរ៉ូ ជាកម្មសិទ្ធិរបស់ឈ្មោះ គីម វុធ
ស្នាក់នៅផ្ទះលេខ២៥អា ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅក្នុងរថយន្តម៉ាក មែកសឺដេស ខាងលើ ទៀតផង គឺវាខុសច្បាប់ចរាចរ ទៅហើយដែល សមត្ថកិច្ចត្រូវតែអនុវត្តតាមច្បាប់ ហើយអ្នកបើកបរ និងម្ចាស់យានជំនិះទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា មិនមែនគោរពតែអ្នកតូច អ្នកធំមិន គោរពនោះទេ។

ដូច្នេះសរុបសេចក្ដីមកនៅថ្ងៃខាងលើគ្មានក្រុមប្រដាប់អាវុធ ក្រៅច្បាប់ណាមួយទៅឃាត់រថយន្ត និងឃាត់ខ្លួនលោក សោ ចាន់ដេត ដូចការចោទប្រកាន់នោះទេ អ្នកឃាត់គឺជាកំលាំងសមត្ថកិច្ចនគរបាលចរាចរ ស្លៀកពាក់ឯកសណ្ឋាន និងមានបារ៉ាស់ មានស្លាកសញ្ញា ចរាចរត្រឹមត្រូវ ហើយឃាត់ត្រួតពិនិត្យតែមធ្យោបាយធ្វើដំណើរប៉ុណ្ណោះ មិនបានឃាត់ខ្លួនគាត់ដូចការចោទប្រកាន់នោះទេ។

ជាចុងក្រោយឧត្តមសេនីយ៍ រុន រ័ត្នវាសនា​ បានបញ្ជាក់ថា ស្លាកលេខព្រឹទ្ធសភារបស់លោក សោ ចាន់ដេត គឺមិនមានឯកសារបញ្ជាក់ឡើយ ចំណែកស្លាកលេខស៊ីវិលមួយទៀត ភ្នំពេញ 2-Q0997 គឺជាស្លាកលេខក្លែងក្លាយ គឺស្ថិតនៅក្នុងរថយន្ត មែកសឺដេស នោះ។

ក្នុងនាមជាមន្ត្រីអ្នកអនុវត្តច្បាប់លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា សូមអំពាវនាវអោយអ្នកបើកបរទាំងឡាយ រួមទាំងម្ចាស់មធ្យោបាយធ្វើដំណើរផង ត្រូវនាំគ្នាគោរពច្បាប់ និងចូលរួមគោរពច្បាប់ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរលើដងផ្លូវ។

យោងតាមច្បាប់ចរាចរផ្លូវគោកថ្មីត្រង់មាត្រា៧៨.បានចែងថា «ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរបណ្ណសម្គាល់ យានជំនិះ ស្លាកលេខ សម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថា ជាឯកសារ ឬវត្ថុក្លែងក្លាយ ត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦៣០ (បទប្រើប្រាស់ឯកសារសាធារណៈក្លែង) នៃក្រមព្រហ្មទណ្ឌ»

ចំណែកមាត្រា ៦២៩.-បានចែងថា «ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារ ដែលចេញឲ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី៥ឆ្នាំទៅ១០ឆ្នាំ»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ បានសរសេរលិខិតគោរពជូន សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយស្នើអោយចាត់វិធានការណ៏ ចំពោះក្រុមប្រដាប់អាវុធនៅខេត្តឧត្តមានជ័យ​ ដែលបានឃាត់ខ្លួន និងរថយន្តរបស់លោកកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ អស់រយៈពេល១ម៉ោងកន្លះ ទើបអនុញ្ញាតអោយបន្តដំណើរទៅមុខ៕