(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ បានថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូទាំងអស់ដែលបានចូលរួមចំណែកលើកកម្ពស់ សេវាសុខាភិបាលនៅកម្ពុជា។

លោកស្រីបានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីសមិទ្ធផលការងារផ្អែកលើលក្ខខណ្ឌ និងវេទិកាចែករំលែកចំណេះដឹង នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ និងមានការចូលរួមពីលោក ហ៊ុល បុណ្ណារ័ត្ន ប្រធាននាយកដ្ឋានសហប្រតិបត្តិការពហុភាគី នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងធនាគារពិភាពលោក និងដៃគូពាក់ព័ន្ធនានា ព្រមទាំងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរាជធានីទាំង២៥ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉ាហ្វល ឡើរ៉ូយ៉ាល់។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានសម្តែងនូវការស្វាគមន៍ដល់អ្នកចូលរួមទាំងអស់ នៅក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ និងបានថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើង ពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអគ្គមេបញ្ជការដឹកនាំចង្អុលបង្ហាញផ្ទាល់។

លោកស្រីរដ្ឋលេខាធិការបានគូសរំលេចថា គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី១ បានទទួលលទ្ធផលគួរជាទីមោទនៈ ហើយសិក្ខាសាលានាថ្ងៃនេះ ជាការចាប់ផ្តើមគម្រោងដំណាក់កាលទី២ ដែលនឹងផ្តល់នូវបទចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាមេរៀនល្អដែលទទួលបានពីដំណាក់កាលទី១ សម្រាប់អនុវត្តដំណាក់កាលទី២។

លោកស្រីបានលើកទឹកចិត្តសិក្ខាកាមទាំងអស់ ចែករំលែកនូវបទពិសោធន៍ល្អៗសម្រាប់ជាធាតុចូលបន្ថែម ព្រមទាំងស្វែងយល់បន្ថែមពីនីតិវិធីអនុវត្តគម្រោង ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ទន្ទឹមនឹងនោះ លោក ហ៊ុល ប៊ុណ្ណារ័ត្ន បានសម្តែងនូវការកោតសរសើរដល់ក្រសួងសុខាភិបាល និងដៃគូទាំងអស់ ដែលបានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី១ ដោយជោគជ័យទៅតាមគោលដៅដែលបានកំណត់។ លោកក៏បានលើកទឹកចិត្តសិក្ខាកាមទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលានាថ្ងៃនេះ ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តដំណាក់កាលទី២។

លោកស្រី Shou Zhang តំណាងធនាគារពិភពលោកបានថ្លែងអំណរគុណដល់លោកជំទាវនាយកគម្រោង ដែលបានចំណាយពេលវេលាអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានាថ្ងៃនេះ និងបានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានឯកឧត្តម ហ៊ុល ប៊ុណ្ណារ័ត្នជាតំណាង។

លោកស្រីតំណាងធនាគារពិភពលោក ក៏បានសម្តែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលតែងតែសហការសម្របសម្រួលអនុវត្តគម្រោងបានទទួលជោគជ័យ។ លោកស្រីបានគូសបញ្ជាក់ថាគម្រោងដំណាក់កាលទី២ នឹងផ្តោតលើការប្រយុទ្ធនឹងជំងឺមិនឆ្លង ហើយសិក្ខាសាលានាថ្ងៃនេះ គឺជាការចាប់ផ្តើមនៅលើដំណើរផ្លូវរយៈពេល៥ឆ្នាំ ជាមួយគ្នាជាបន្តទៀត ព្រមទាំងសម្តែងនូវសេចក្តីសង្ឃឹមថាសិក្ខាសាលានាថ្ងៃនេះ នឹងផ្តល់នូវសារៈសំខាន់សម្រាប់ការអនុវត្តដំណាក់កាលទី២៕