(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត មូហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពអ៉ីស្លាម បានអញ្ជើញចូលបង្គំគាល់សម្ដែងការគួរសមសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តធម្មយុត្ត រាជធានីភ្នំពេញ។

សម្តេចព្រះមហាសង្ឃរាជ បានសម្ដែងទឹកព្រះទ័យស្រាឡាញ់រាប់អានប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានលោកអគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពអ៉ីស្លាម។ សម្តេចព្រះមហាសង្ឃរាជ បានមានព្រះរាជសង្ឃដីកាថា នេះជាថ្ងៃប្រវត្តិសាស្រ្ត ដែលសម្តេចទទួលបានការចូលគាល់ ពីមេដឹកនាំឥស្លាថ្នាក់ពិភពលោក ការអញ្ជើញទស្សនកិច្ចនេះ ជាការពង្រឹងនូវចំណងសាមគ្គីភាព និងទំនាក់ទំនងកាន់តែល្អប្រសើរ។

សម្ដេចព្រះសង្ឃរាជ បានបន្តទៀតថា ជាការពិតជំនួបនេះមិនមែនជារឿងធម្មតាទេដែលមេដឹកនាំកំពូលសាសនាខុសគ្នា បានមកជួបសំណេះសំណាលប្រកបដោយភាតរភាព នៅកម្ពុជាយើង ទោះយើងមានសាសនាផ្សេងៗ តែយើងបានរួមរស់ រួមសុខ រួមទុក្ខជាមួយគ្នា មិនដែលមានបញ្ហាអ្វីនិងគ្នាឡើយ។

អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៉ីស្លាម បានសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែងចំពោះជំនួបដ៏មហាវិសេសវិសាលនេះ លោកបានឡើងថា នេះគឺជាជំនួបនៃភាពជាបងប្អូន ប្រកបដោយភាតរភាព និងភាពអត់ឱនមេត្តា ដែលវាជាតម្រូវការរបស់យើងទាំងអស់គ្នា យើងគ្រប់គ្នាយល់ច្បាស់ណាស់ថា ពិភពលោកពិតជាត្រូវការនូវភាពអត់ឱន ការយោគយល់គ្នាសំដៅការរួមរស់ប្រកបដោយសុខដុមរមនាជាមួយគ្នា លោកនឹងពាំនាំសារនៃក្តីស្រលាញ់ ការអត់ឱន របស់កម្ពុជា ទៅកាន់ប្រជាជន និងមេដឹកនាំនៅប្រទេសលោក ក៏ដូចជាពិភពលោកទាំងមូល ជាពិសេសព្រះពុទ្ធសាសនា ជាសាសនាដែលពោពេញដោយសន្តិភាព ដែលទាំងអស់នេះកើតឡើងតាមរយៈការខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងធំ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមេដឹកនាំ នៃព្រះពុទ្ធសាសនាផងដែរ៕