(ភ្នំពេញ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក ប្រាប៊ូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេស ដោយបានជួបសំណេះសំណាលជាមួយ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការទ័ពពិសេស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានមួយចំនួននៅអង្គភាពនេះ ដែលធ្លាប់បានទៅហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ នៅប្រទេសឥណ្ឌូនេស៊ី កន្លងមក។
ឧត្តមសេនីយ៍ឯក ចាប ភក្តី បានសម្តែងនូវក្តីសោមនស្សរីករីករាយ ចំពោះដំណើរទស្សនកិច្ចរបស់ លោក ប្រាប៊ូវូ ស៊ូប៊ូយ៉ាន់តូ និងសហការី ហើយសង្ឃឹមថា ដំណើរទស្សនកិច្ច នាពេលនេះ នឹងបង្កើន បន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត។ លោកបានជម្រាបជូនប្រតិភូពីប្រវត្តិភូមិសាស្ត្រនយោបាយ ប្រវត្តិការទូត ព្រមទាំងប្រវត្តិ និងស្នាដៃដែលបញ្ជាការដ្ឋានទ័ពពិសេស សម្រេចបានក្នុងរយៈពេលកន្លងមក ដែលក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលឥណ្ឌូនេស៊ី, ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានចាត់បញ្ជូនកម្មសិក្សាការីមួយកងវរសេនាតូច ស្មើចំនួន២៣៦នាក់ ចេញទៅបំពេញការសិក្សាជំនាញទ័ពពិសេសឆត្រយោង នៅប្រទេសឥណ្ឌូនេស៊ី សាលាបាទូយ៉ាយ៉ារយៈពេល៨ខែ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៩៥។
កងទ័ពពិសេសឆត្រយោង ត្រូវបានប្រារព្ធពិធីប្រកាសបង្កើតជាផ្លូវការ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានប្រសិទ្ធនាមអង្គភាពនេះថា «កងវរសេនាធំទ័ពពិសេសឆត្រយោង៩១១» ដែលមានលោក ចាប ភក្តី ជាមេបញ្ជាការរហូតដល់ប្ចុប្បន្ន។ នៅឆ្នាំ១៩៩៩ អនុវត្តកំណែទម្រង់កងយោធពលខេមរភូមិន្ទ អង្គភាពនេះបានបូកបន្ថែម១កងពលតូចទ័ពព្រៃ ហើយបានប្តូរឈ្មោះទៅជា «កងពលតូចទ័ពពិសេសឆត្រយោង៩១១» ក្រោមចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០២០ បានប្តូរឈ្មោះមកជា «បញ្ជាការដ្ឋានទ័ពពិសេស» ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។
លោក ចាប ភក្តី បានបន្តថា ក្រោយបញ្ចប់វគ្គសិក្សា នៅសាលាទ័ពពិសេប្រទេសឥណ្ឌូនេស៊ី រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបំពាក់យោធបរិក្ខាក្នុងម្នាក់១ឯកត្តាប្រយុទ្ធ សរុបស្មើ ២៣៦ឯកត្តា បានកសាងនូវអគារស្នាក់នៅទីបញ្ជាការ ផ្ទះបាយ បន្ទប់ទឹកស្មើ ២១ខ្នង ជូនដល់បញ្ជាការដ្ឋានទ័ពពិសេស។ លោក ចាប ភក្តី បានបន្ថែមថា ក្រៅពីការជួយឧបត្ថម្ភជ្រោមជ្រែងនូវសម្ភារយោធបរិក្ខា បញ្ជាការដ្ឋានទ័ពពិ សេសបានទទួលកម្មសិក្សាការី ទៅសិក្សានៅសាធារណរដ្ឋឥណ្ឌូនេស៊ី សរុបចំនួន ៤៦វគ្គ ស្មើនឹង៣៨២នាក់ លើមុខវិជ្ជា វគ្គការពារជាតិ វគ្គសេនាធិការ វគ្គសេនាធិការជាន់ខ្ពស់ វគ្គជំនាញកម្ម៉ង់ដូ វគ្គជំនាញឯកទេសមុជទឹក វគ្គជំនាញឆត្របញ្ជា វគ្គជំនាញឆត្រមូលដ្ឋាន វគ្គជំនាញវ៉ៃលុកឡើងភ្នំ វគ្គជំនាញកាំភ្លើងស្នាយភើ វគ្គបំប៉នគ្រូកម្ម៉ង់ដូ និងវគ្គបំប៉នគ្រូជំនាញឆត្រយោង ហើយអ្នកទាំងនោះក្រោយពីបានបញ្ចប់ការសិក្សា វិលត្រឡប់មកកម្ពុជាវិញ នាយទាហានមួយចំនួនបានក្លាយជាថ្នាក់ដឹកនាំ មួយចំនួនបានក្លាយជាគ្រូយោធាចារ្យ ប្រកបដោយសក្តានុពល ដែលបានបន្តបណ្តុះបណ្តាល កសាងធនធានមនុស្ស ជាប្រភពបន្តវេន គិតត្រឹមឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន អង្គភាព បានបើកវគ្គហ្វឹកហ្វឺនសរុបចំនួន ៧៣វគ្គ មានជំនាញកម្ម៉ង់ដូចំនួន១៦វគ្គ ជំនាញឆត្រយោង៣២វគ្គ ជំនាញប្រ ឆាំងភេរវកម្មចំនួន១០វគ្គ និងជំនាញឯកទេសមុជទឹកចំនួន១៥វគ្គ សិក្ខាកាមសរុប៩៤១២នាក់ ហើយកម្មសិក្សា ការីទាំងនោះបញ្ជូនមកពីកងឯកភាព ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ និងក្រសួងបរិដ្ឋាន។
លោក ចាប ភក្តី ក៏បានលើកឡើងផងដែរ ក្នុងនាមប្រជាជាតិកម្ពុជា និយាយជារួម និងដោយឡែក ក្នុងនាមកងទ័ពពិសេសកម្ពុជា នៅតែចងចាំនូវគុណបំណាច់របស់រដ្ឋាភិបាល កងទ័ពជាតិ និងប្រជាជនឥណ្ឌូនេស៊ី ក្នុងបុព្វហេតុនៃការចាប់បដិសន្ធិឡើងរបស់កងទ័ពពិសេសឆត្រ យោងកម្ពុជា ជាពិសេស ជាការលះបង់គ្រប់បែបយ៉ាង របស់លោក ប្រាប៊ូវូ ស៊ូប៊ីយ៉ាន់តូ ដែលគ្រប់ពេលវេលា នូវតែផ្តល់ និងមានជំនឿទុកចិត្ត ព្រមទាំងឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងប្រកបដោយ មនោសញ្ចេតនា ដ៏ជ្រាលជ្រៅ បំផុត ក្នុងនាមជាស្ថាបនិក និងចលករក្នុងការបង្កើតឡើងនូវ កងទ័ពពិសេសឆត្រយោងកម្ពុជា មិនតែប៉ុណ្ណោះក្នុង នាមជារៀម និងសិស្សប្អូន។
លោក ចាប ភក្តី ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសសូម សម្តែងឆន្ទះស្មោះត្រង់ដាច់ខាត និងគោរពអនុវត្តតាមនូវគំរូវីរភាពដ៏អង់អាចក្លាហាន របស់រៀមច្បងជំនាន់មុន និងខិតខំថែរក្សាពូនជ្រោយនូវចំណងសាមគ្គីភាព មិត្តភាពដ៏ល្អផូផង់នេះ ជាគំរូសម្រាប់ អ្នកបន្តវេនជំនាន់ក្រោយ ក្នុងបុព្វហេតុការពារកសាងប្រទេសប្រកបដោយសុខសន្តិភាព គ្មានការគំរៀមកំហែង និងអំពើហឹង្សា។
លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោកកម្ពុជា ក៏បានសំណូមពរដល់ លោក ប្រាប៊ូវូ ស៊ូប៊ីយ៉ាន់តូ ដោយ៖
ទី១៖ ដោយសារបញ្ជាការដ្ឋានទ័ពពិសេសកំពុងរៀបចំបង្កើតសាលាហ្វឹកហ្វឺនទ័ពពិសេស ស្នើសុំឲ្យនាយកសាលា និងក្រុមការងារចំនួន០៥នាក់បានទៅទស្សនកិច្ចសិក្សា ដកស្រង់បទពិសោធន៍ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសឥណ្ឌូនេស៊ីរយៈពេល១០ថ្ងៃ ។
ទី២៖ ផ្អែកតាមផែនការហ្វឹកហ្វឺនរួមគ្នា ក្នុងឆ្នាំ២០២២ សូមឲ្យភាគីបញ្ជាការដ្ឋានទ័ពពិសេសកម្ពុជា បានទៅចូលរួមហ្វឹកហាត់ ជាមួយបញ្ជាការដ្ឋានទ័ពពិសេសឥណ្ឌូនេស៊ីមុនដើម្បីដកបទពីសោធន៍។
ទី៣៖ ស្នើសុំដល់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី ជួយបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២២ មានជំនាញកុម្ម៉ង់ដូ ១០នាក់ ជំនាញគ្រូបង្វឹក១០នាក់ ជំនាញប្រឆាំងភេរវកម្ម១០នាក់ ជំនាញឆត្រ បញ្ជា១០នាក់ ជំនាញឯកទេសមុជទឹក១០នាក់ សុំឆត្របញ្ជាអឹមស៊ីហ្វរ អឹមស៊ីហ្វាយចំនួន២០ឆត្រ និងឆត្រ ស្តា ទិក ចំនួន៥០ឆត្រ។
នៅក្នុងឱកាសនោះ លោក ប្រាប៊ូវូ ស៊ូប៊ីយ៉ាន់តូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី បានសម្តែងនូវក្តីរីករាយជាខ្លាំងចំពោះវត្តមាន នាយទាហាន នាយទាហានរង និងពលទាហានដែលបានទៅហ្វឹកហ្វឺនជំនាញកុម៉្មង់ដូ នៅប្រទេសឥណ្ឌូនេស៊ី ហើយមានវត្តមាននាពេលនេះ និងសូមថ្លែងអំណរគុណដល់បញ្ជាការដ្ឋានទ័ពពិសេស ដែលបានទទួលប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងនូវទឹកចិត្តសប្បាយរីករាយ។
ជាមួយគ្នានេះលោកក៏បានទទួលការស្វាគមន៍ផងដែរក្នុងជំនួបការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិកម្ពុជា កាល់ព្រឹកថ្ងៃទី២១ ខែមិថុនានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការប្រភេទទ័ពទាំងបីមានជើងទឹកជើងគោក និងជើងអាកាស គឺជាមោទនភាពក្រៃលែងសម្រាប់ប្រភូរបស់លោក។
លោក បានបន្តថា៖ កម្ពុជា និងឥណ្ឌូនេស៊ី គឺជាបងប្អូន បើសិក្សាតាមប្រវត្តពីសម័យមួយទៅសម័យមួយ ប្រទេសទាំងពីរបានប្រឈមការគាបសង្កត់ទាំងផ្លូវចិត្ត ផ្លូវកាយ និងធ្លាប់រស់ក្រោមអាណានិគមដូចគ្នា ហើយប្រទេសទាំងពីរ គ្រប់សម័យកាលគ្រប់ជំនាន់ នៃប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី គឺតែងចាត់ទុកប្រទេសកម្ពុជា ប្រទេសមហាមិត្ត និងជាប្រទេស ដែលមានទំនាក់ទំនងល្អបំផុត ទាំងទំនាក់ទំនងមិត្តភាព ទាំងទំនាក់ទំនងជាបងប្អូនផ្ទៃតែមួយ។
លោកអះអាងថា ការមកទស្សនកិច្ចនាពេលនេះ ធ្វើឱ្យលោកនឹកឃើញអតីតកាល ពេលដែលលោកនៅជាមេបញ្ជាការរង និងជានាយកសាលា លោកបានទទួលបទបញ្ជា ពីលោកប្រធានាធិបតី និងបានបង្កលក្ខណៈទទួលយកអស់លោក បានទៅហ្វឹកហ្វឺននៅប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ហើយអ្វីដែលសំខាន់បំផុតពេលដែលជួបគ្នាលើកនេះ គឺលោកបានឃើញនូវលទ្ធផលជាផ្លែផ្កា ដែលអស់លោកទៅហ្វឹកហ្វឺននៅទីនោះ ក្លាយទៅជាថ្នាក់ដឹកនាំដែលគួឲ្យកើតសរសើរបំផុត ហើយ លោកក៏ចូលរួមត្រេកអរ និងសប្បាយរីករាយ នូវរាល់ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនរបស់កងទ័ពបេរ៉េក្រហមនេះតែម្តង។
ឆ្លើយតបនឹងទំនាក់ទំនងរវាងកងទ័ពពិសេសប្រទេសទាំងក្រោយលោកត្រឡប់ទៅវិញ លោកនឹងចុះត្រួតពិនិត្យសាកសួរផ្ទាល់ថា តើទំនាក់ទំនងរវាងទ័ពពិសេស ក៏ដូជាកងទ័ពប្រទេសទាំងពីរថាតើដល់កម្រិតណាហើយ ប្រសិនបើអាច លោក និងលើកកម្ពស់បន្ថែម នៅក្នុងរយៈពេលមួយដ៏ខ្លីខាងមុខ អាចនឹងចេញជាផ្លែផ្កា។
លោកបានបន្តថា ចំពោះសំណូមពររបស់លោកមេបញ្ជាការ ដែលបានសំណូមពរ លោកនឹងត្រួតពិនិត្យ និងផ្តល់តាមលទ្ធភាពជាក់ស្តែង ហើយអ្វីដែលសំខាន់បំផុតត្រូវជឿជាក់ថា ឥណ្ឌូនេស៊ីនៅតែខិតខំ និងព្យាយាមជួយជ្រោមជ្រែងកម្ពុជា រហូតមានសុខដុមរមនា និងរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងធនធានមនុស្ស ក្នុងនាមជាប្រទេសបងប្អូនភូមិផងរបងជាមួយ និងជាសមាជិកអាស៊ានដូចគ្នា៕