(បន្ទាយមានជ័យ)៖ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិតជាង១.០០០នាក់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ បាននាំគ្នាធ្វើពិធីបង្សុកូល​រាប់បាតព្រះសង្ឃចំនួន១១០អង្គ នៅក្នុងវត្តសុភមង្គល ដើម្បីឧទ្ទិសកុសល ដល់វិរជន វិវនារី ប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានថ្លែងថា ថ្ងៃ២០ ឧសភា ជាទិវាចងចាំ មិនអាចបំភ្លេចបាន នូវសោកនាដកម្មខ្លោចផ្សាក្នុងរបបខ្មែរក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរជិត៣លាននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ក្នុងឱកាសប្រារព្ធពិធីបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃថ្ងៃ២០ឧសភា ជាប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាយើង នៅតែចងចាំទុក មិនអាចបំភ្លេចបានឡើយ នូវសម័យកាលនរកអវិចី ដែលបាន​កើតឡើងយ៉ាងស្រស់ៗ នៅលើទឹកដីនៃមាតុភូមិកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ នោះគឺរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍។ ការជួបជុំគ្នារបស់យើងនៅទីនេះ គឺដើម្បីរម្លឹកនូវ​គុណូបការៈ របស់បញ្ញវ័ន្ត អ្នកស្នេហាជាតិ និងប្រារព្ធពិធីបង្សុកូលរាប់បាត្រ ប្រគេនព្រះសង្ឃ ឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណរបស់ លោកអ្នកទាំងនោះ នៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស។ សូមដួងវិញ្ញាណលោកអ្នកទាំងនោះ អនុមោទនាទទួលយក និងសូមបានស្ថិតនៅក្នុងសុគតិភព ជារៀងរហូតតទៅ។ លោកបន្តថា ថ្វីដ្បិតតែប្រជាជនកម្ពុជាគ្រប់រូប មមាញឹកនឹងកិច្ចការ ឬប្រកបរបរចិញ្ចឹមជីវិតជាធម្មតា ក៏ប៉ុន្តែ ភាពព្រៃផ្សៃរបស់ពួកខ្មែរក្រហម ដែលបានប្រព្រឹត្តលើក្រុមគ្រួសារខ្លួន នៅតែដក់ជាប់ នៅក្នុងជម្រៅចិត្តជានិច្ច។ ភស្តុតាងជាក់ស្តែង ដូចជា គុកមន្ទីរសន្តិសុខ រណ្តៅសាកសព ពុំទាន់បាត់ស្លាកស្នាមពីភូមិដ្ឋានរបស់ជនរងគ្រោះ នៅឡើយទេ។

លោកបានបន្ថែមថា «ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ និងសោកនាដកម្ម ដែលប្រជាជនកម្ពុជា ទទួលរងគ្រោះជាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបប្រល័យពូជសាសន៍ ជាទុក្ខលំបាករបស់​ប្រជា​ជនកម្ពុជា គ្មានអ្នកនិពន្ធ ជាតិ និងអន្តរជាតិណា អាចសរសេររៀបរាប់ បានឱ្យអស់ឡើយ»។ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ចំណែកមេដឹកនាំជាន់ ខ្ពស់របស់​ពួកគេ ទោះបីមានវ័យចាស់ជរាយ៉ាងណាក្តី ក៏ត្រូវរងនូវអកុសល ពិបាកកើតជាសត្វប្រែត សត្វនរកក្នុងអបាយភូមិ យ៉ាងលំបាកវេទនា ទាំងក្នុងជាតិនេះ និងបណ្តាជាតិ តៗទៅមុខទៀត។  ជាទិវាចងចាំ មិនអាចបំភ្លេចបាន នៃរបបប៉ុលពត ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ យ៉ាងសាហាវឃោរឃៅ។ លោកយាយម្នាក់ ដែលជាអ្នកធ្លាប់រងគ្រោះក្នុងរបបខ្មែរក្រហម ដែលបានមកចូលរួម ក្នុងទិវាចង​ចាំមិនអាចបំភ្លេច បាន ២០ ឧសភា បានសម្តែង នូវទុក្ខវេទនា ក្នុងរបបខ្មែរក្រហមថា និងគាំទ្រការអភិវឌ្ឍប្រទេស មាន ការរីកចម្រើន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងគាំទ្រការ​កាត់ទោស ពួកអតីតមេដឹកនាំខ្មែរក្រហម៕