(ឧត្ដរមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ ក្រោមអធិបតីភាពលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលភោជនីយដ្ឋានវណ្ណការការ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីគណ:ប្រតិភូអមដំណើរ អភិបាលរង នៃគណៈភិបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ លោកប្រធាន-អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត លោកស្នងការរងនគរបាលខេត្ត លោក ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ស្រុក-ក្រុង លោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុក-ក្រុង ទាំង៥ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងសមាជិកសមាគមអតីតយុទ្ធជនមកពីតាមបណ្ដាស្រុក-ក្រុងទាំង៥ ចំនួន៣០០នាក់។

នៅក្នុងឱកាសនោះ អភិបាលខេត្ត ក៏បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាឧបត្ថម្ភជូនដល់ អ៊ុ ពូ មីង បងប្អូនអតីតយុទ្ធជនខេត្តកំពង់ចាមទាំង ៣០០នាក់ នូវអង្ករ២៥គីឡូចំនួន០១បេ មីចំនួន០១កេះ ត្រីខចំនួន១យួរ និងថវិកា៥០០០០ រៀលផងដែរ។

ការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ ២១ មិថុនា ២០២២ ដែលបានប្រព្រឹត្តនាឳកាសដ៏មានតំលៃវិសេសវិសាលនេះ គឺធ្វើឡើងដើម្បីផ្ដល់កិត្ដិយសដ៏ស័ក្តិសមចំពោះការរំឭកអំពីវីរភាព នៃ ស្មារតីតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់ អ៊ុ ពូ មីង បងប្អូនអតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុ ភូមិ និងជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្ដម ព្រមទាំងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុក ក្នុងប្រវត្ដិសាស្រ្ដជជាតិ ហើយត្រូវបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ។

សមាគមអតីតយុទ្ធជនកម្ពុជារបស់យើង ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ដែលបានដាក់ ចេញនូវចក្ខុវិស័យរយៈពេលវែងរបស់ រាជរដ្ឋាភិបាល ការកសាងសង្គមកម្ពុជាមួយ ដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ចរយៈពេលវែង ការអភិវឌ្ឍប្រកបដោយចិរភាព និងសមធម៌ ការកែលម្អជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ការការពារបរិស្ថាន ការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិ ជាមួយនឹងការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា ទាំងក្នុងក្រុមគ្រួសារ ទាំងក្នុងសង្គមជាតិ ព្រមទាំងមានកិត្យានុភាពខ្ពស់ លើឆាកអន្តរជាតិ។ ក្នុងនោះក៏មានអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូយកចិត្តទុកដាក់ ខ្ពស់បំផុតលើជីវភាព និងសុខុមាលភាពរបស់បងប្អូនផងដែរ៕