(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងអំពាវនាវដល់បងប្អូនអតីតយុទ្ធជនបន្តចូលរួមថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍដែលរកបាន ដោយលំបាករបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលឲ្យបានគង់វង្សជារៀងដរាប។

លោកថា «អតីតយុទ្ធជនត្រូវចូលរួមឲ្យបានគ្រប់សកម្មភាពនៅឯមូលដ្ឋាន ពិសេសគឺចលនាភូមិ ឃុំ មានសុវត្ថិភាព ព្រមទាំងជួយអប់រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗដូចជាផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម»

ការថ្លែងអំពាវនាវបែបនេះរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងពិធីអបអរសាទខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ពិធីនេះមានការចូលរួមពីមន្ត្រី ដែលពាក់ពន្ធ័និងលោក លោកស្រី អតីតយុទ្ធជនជាកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ក្រុង/ស្រុកទាំង៨ សរុបវត្តមានចំនួន៤៤០នាក់។

លោកអភិបាលខេត្ត បានបន្តថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ តម្រូវការ និងសេចក្ដីត្រូវការរបស់បងប្អូនអតីតយុទ្ធជន ដែលឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ ក្នុងការកែសម្រួលបន្ថែមរបបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន លើផលប្រយោជន៍សម្រាប់ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការធ្វើឲ្យកាន់តែមានប្រសិទ្ធភាព នៃនីតិវិធីនៃការបើកផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឲ្យបានឆាប់រហ័ស និងមានតម្លាភាព។ ទន្ទឹមនេះ ក៏មានការគិតគូរពីការរៀបចំឲ្យមានលំនៅឋានសមរម្យ សម្រាប់គាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន តាមរយៈការអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ច»

លោកបន្តថា «បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តស្វាយរៀងរបស់យើង ក៏ទទួលបានផលប្រយោជន៍ពីគោលនយោបាយនេះផងដែរ ដែលរហូតមកដល់ពេលនេះ រដ្ឋបាលខេត្តបានចាត់ចែងរៀបចំដី និងផ្ទះជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន៤០០ខ្នងផ្ទះហើយ នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន។ នេះគឺជាសក្ខីភាព សរបញ្ជាក់ឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់យ៉ាងពិតប្រាកដរបស់រាជរដ្ឋាភិបាល ដែលមិនមែនត្រឹមតែសរសេរនៅលើក្រដាស ឬនិយាយតែមាត់ តែជាការអនុវត្ត និងផ្ដល់ផលជាក់ស្ដែងដើម្បីជាការតបស្នងចំពោះ គុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ»

លោកបានបញ្ជាក់ថា ចំពោះគ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន របស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ដែលក្នុងនាមជាប្រធានកិត្តិយសសមាគម ខ្ញុំគាំទ្រជានិច្ចនូវរាល់សកម្មភាពដែលផ្ដល់ និងការពារផលប្រយោជន៍របស់បងប្អូនអតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្ត។ ជាមួយគ្នានេះ សូមបន្តចាត់ចែងរៀបចំការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារ បន្ថែមទៀត ជាពិសេសដូសទី៥ និងអ្នកដែលមិនទាន់បានចាក់កន្លងមក។

នៅក្នុងឱកាសនោះលោក ម៉ែន វិបុល បាននាំថវិការសម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់អតីតយុទ្ធជនក្នុងម្នាក់ទទួលបានថវិការ ៨ម៉ឺនរៀលផងដែរ៕