(អេហ្ស៊ីប)៖ ក្រសួងការពារជាតិរបស់ប្រទេសក្រិច បានឲ្យដឹងថា អាជ្ញាធររបស់អេហ្ស៊ីប បានរកបំណែកនៃសាកសព​ និង​កៅអ៊ីចំនួន២ ព្រមទាំងវ៉ាលីផងដែរ នៅក្នុងប្រតិបត្តិការស្វែងរកយន្តហោះ EgyptAir ជើងហោះហើរ Flight 804 ដែលបានធ្លាក់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន AP ចេញផ្សាយ​ Update មុននេះបន្តិច។

នៅមុននេះបន្តិច អ្នកនាំពាក្យ​ក្រុមយោធាស្វែងរកយន្តហោះអេហ្ស៊ីប ក៏បានប្រកាសឲ្យដឹងថា បានរកឃើញបំណែកយន្តហោះ EgyptAir នៅចម្ងាយ ២៩០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Alexindria នៅក្នុងសមុទ្រមេឌីរ៉ាណេ។ ដោយឡែកយោធាអេហ្ស៊ីប ក៏កំពុងតែព្យាយាមស្វែងរកសញ្ញារបស់ប្រអប់ខ្មៅផងដែរ ព្រោះវាជា វត្ថុសំខាន់បំផុត ដែលនឹងប្រាប់ថា មានអ្វីខ្លះដែលបានកើតឡើង និងនាំឲ្យយន្តហោះធ្លាក់។

ពាក់ព័ន្ធនឹងករណីនេះ មន្រ្តីជំនាញរបស់សហរដ្ឋអាមេរិកបានសន្និដ្ឋាន និងសង្ស័យថា យន្តហោះខាងលើនេះ ត្រូវបានដាក់បង្កៃគ្រាប់បែកឲ្យផ្ទុះនៅលើអាកាស បន្ទាប់ពីវាបានហោះចេញពី​ទីក្រុងប៉ារីស​ប្រទេសបារាំង ឆ្ពោះទៅកាន់រដ្ឋធានីគែររបស់អេហ្ស៊ីប ព្រោះប្រទេសទាំងពីរកំពុងតែប្រឈម​មុខនឹងអំពើភេរវកម្ម។

គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានបាត់ពីរ៉ាដា ខណៈហោះចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយាន​ដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ដោយផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ ហើយត្រូវបានក្រុមហ៊ុន និងរដ្ឋាភិបាលអេហ្ស៊ីប​បញ្ជាក់ថា បានធ្លាក់នៅក្នុងសមុទ្រ៕